ដោយ: លាងហួរ
បាងកក: ធនាគារលំនៅដ្ឋានរដ្ឋ(GHB) របស់ប្រទេសថៃរកប្រាក់បានជាង ៣,៥ពាន់លានបាត (ប្រហែល១០០,៨លានដុល្លារ) ពីការលក់ដេញថ្លៃអចលនទ្រព្យ ដែលត្រូវបានរឹបអូសក្នុងរយៈពេល១១ខែដំបូង នៃឆ្នាំ២០២២នេះ។
លោក Saksit Jittanoon នាយករងគ្រប់គ្រងរបស់ធនាគារ GHB បានមានប្រសាសន៍ថា ធនាគារនេះរកប្រាក់បាន៥៥០លានបាត(ប្រហែល១៥,៨៤លានដុល្លារ) ពីការដេញថ្លៃអចលនទ្រព្យចំនួន៤៩៥ កាលពីថ្ងៃសៅរ៍ ទី០៣ ខែធ្នូ។
-->


លោកបានបន្តថា ក្នុងចំណោមអចលទ្រព្យសរុប ក្នុងនោះអចលនទ្រព្យចំនួន១១៩មានតម្លៃ១២៦លានបាត មានទីតាំងនៅតំបន់ Greater Bangkok ហើយអចលទ្រព្យចំនួន៣៧៦ផ្សេងទៀត មានតម្លៃ៤២៤លានបាត ដែលមានទីតាំងនៅតំបន់ផ្សេងទៀតនៃប្រទេសថៃ។
ធនាគារGHBរំពឹងថា នឹងទទួលបានចំណូលយ៉ាងហោចណាស់៤ពាន់លានបាតនៅឆ្នាំនេះ និង៤,៥ពាន់លានបាតនៅឆ្នាំ២០២៣ ពីការដេញថ្លៃអចលនទ្រព្យទាំងនោះ។
លោក Saksit បានបន្ថែមថា ធនាគារ GHB គ្រោងបង្កើតកម្មវិធីស្មាតហ្វូនមួយ ដើម្បីសម្រួលដល់ការទិញអចលនទ្រព្យ ឱ្យបានកាន់តែងាយស្រួល។
ធនាគារ GHB ក៏គ្រោងដាក់លក់ដេញថ្លៃលើអចលនទ្រព្យមួយចំនួនទៀត ដែលត្រូវបានរឹបអូសនៅទីក្រុងបាងកកក្នុងឆ្នាំនេះ ដើម្បីរក្សាសាច់ប្រាក់ងាយស្រួលរបស់ធនាគារ និងត្រៀមរៀបចំខ្លួនសម្រាប់វិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ខាងមុខ៕
