ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលចិនបានផ្តល់ហិរញ្ញទានសម្បទាន ក្នុងទំហំទឹកប្រាក់ចំនួនជិត១១២លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គក្នុងខេត្តក្រចេះ និងការស្តារឡើងវិញនូវផ្លូវជាតិលេខ៧។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលនឹងប្រកាសបើកការដ្ឋាន “គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ” និង “គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម)” នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខ។
គម្រោងហេដ្ឋរចនាសម្ព័ន្ធទាំងនេះ នឹងត្រូវចំណាយប្រាក់សរុប ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលកម្ពុជាខ្ចីពីចិន។ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំកិច្ចការនានា ដើម្បីត្រៀមពិធីបើកការដ្ឋានសាងសង់ ដែលនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងទៀតថា គម្រោងទាំងនេះជាការតភ្ជាប់របៀងសេដ្ឋកិច្ច២ គឺរបៀងសេដ្ឋកិច្ចខាងត្បូង (បាងកក-ភ្នំពេញ-ហូជីមីញ) និង របៀងសេដ្ឋកិច្ចកណ្តាល (យូណាន -វៀងច័ន្ធ-ត្រពាំងក្រៀល ) ឬតភ្ជាប់មកតំបន់មេគង្គ។
លោកបន្តថា “នៅពេលដែលគម្រោងផ្លូវ និងស្ពាននេះ បានបញ្ចប់ នឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយទៀត និងផ្ទៃក្នុងកាន់តែមានភាពងាយស្រួល ជាពិសេសការដឹកជញ្ជូនទំនិញនានាឆ្លងកាត់កាន់តែបានលឿន និងទាន់ពេលវេលា”។
ក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញថា គម្រោងសាងសង់ផ្លូវថ្មីពីចំណុចផ្លូវជាតិលេខ៧ ទៅផ្លូវជាតិលេខ៦០B នឹងត្រូវតភ្ជាប់រវាងក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ដោយឡែកគម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ តភ្ជាប់ពីត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ នឹងចំណាយថវិកាសរុប១១១,៩៨លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕