ប្រទេសថៃគ្រោងបោះទុនវិនិយោគបន្ថែមជិត៩ពាន់លានដុល្លារដើម្បីសាងសង់គម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនដំណាក់កាលទី២

0

ដោយ: លាងហួរ

បាងកក: ប្រតិបត្តិករផ្លូវដែករដ្ឋថៃ (SRT) គ្រោងបោះទុនវិនិយោគប្រហែល៨,៦៦ពាន់លានដុល្លារ បន្ថែមទៀត  សម្រាប់សាងសង់ដំណាក់កាលទី២ នៃគម្រោងផ្លូវដែកល្បឿនលឿនថៃ-ចិន។

យោងតាមប្រភព SRT ដដែលបានឱ្យដឹងថា ប្លង់ផ្លូវដែកប្រវែង៣៥៦គីឡូម៉ែត្រ នៃដំណាក់កាលទី២  ដែលលាតសន្ធឹងពីខេត្ត Nakhon Ratchasima ទៅកាន់ខេត្តព្រំដែន Nong Khai ត្រូវបានបញ្ចប់រួចរាល់ហើយ។

ចំណែកការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA)  នឹងត្រូវបានដាក់ជូនការិយាល័យគោលនយោបាយ និងផែនការធនធានធម្មជាតិ និងបរិស្ថាន (ONEP) ក្នុងពេលឆាប់ៗនេះ។

ប្រភពដដែលបានឱ្យដឹងថា សំណើថវិកាចំនួន៣០០ពាន់លានបាត នឹងត្រូវដាក់ជូនក្រុមប្រឹក្សាភិបាលរបស់ SRT ដើម្បីពិចារណា ក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលប្រគល់ទៅកាន់គណៈរដ្ឋមន្ត្រី ដើម្បីអនុម័តនៅពេលក្រោយ។

ប្រភពបានបន្ថែមថា ការដេញថ្លៃដើម្បីស្វែងរកអ្នកឈ្នះ នឹងធ្វើឡើងនៅចុងឆ្នាំក្រោយ ប្រសិនបើសំណើនេះត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រីក្នុងខែឧសភា ឆ្នាំ២០២៣។

ការ​សាងសង់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ២០២៤ ដោយ​មាន​កិច្ច​សន្យា​សរុប​ចំនួន១៣ ដែល​កិច្ចសន្យាចំនួន១២ ទាក់ទង​នឹង​ការ​សាងសង់ និង​មួយ​ទៀត​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្តល់​សញ្ញា​ផ្លូវដែក ហើយគម្រោ​ងនេះអាចនឹងបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ។

ដំណាក់​កាល​ទី​២​នៃ​គម្រោង​នេះ នឹង​ត្រូវ​សាង​សង់​នៅ​ក្នុង​ខេត្ត​ភាគ​ឦសាន​មួយ​ចំនួន​រួម​មាន ខេត្តនគររាជសីមា ខេត្តខនខេន ខេត្តអ៊ូដនថានី និង​ខេត្តណងខៃ។

ប្រតិបត្តិការផ្លូវដែករដ្ឋ (SRT) មានទំនុកចិត្តថា គម្រោងដំណាក់កាលទី២ នឹងមិនត្រូវបានពន្យារពេល ដូចដំណាក់កាលទី១ ដែលតភ្ជាប់ ពីក្រុងបាងកក ទៅដល់ ខេត្តនគររាជសីមានោះទេ ។

គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ចែកចេញជា៣ដំណាក់កាល ដោយផ្នែកចុងក្រោយតភ្ជាប់ ពីទីក្រុងណងខៃទៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ រួចបន្តទៅទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here