រដ្ឋាភិបាលត្រៀមចំណាយប្រាក់ប្រមាណ២០០០លានដុល្លារលើគំរោង ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៣

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅឆ្នាំ២០២៣ខាងមុខនេះ ជាឆ្នាំដែលរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាច្រើន លើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីលើកស្ទួយសេដ្ឋកិច្ច ជំរុញការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស។

ជាក់ស្ដែងគ្រាន់តែគម្រោង៣ប៉ុណ្ណោះ រដ្ឋាភិបាលនឹងចំណាយថវិកាប្រមាណ២០០០លានដុល្លារអាមេរិក ដែលថវិកានេះបានមកពីកម្ចីផងនិងថវិការបស់រដ្ឋផង។

គម្រោងធំៗទាំង៣ ដែលគ្រោងនឹងអភិវឌ្ឍន៍ ក៏ដូចជា សាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ រួមមាន គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ (ភ្នំពេញអរិយក្សត្រ) ដែលគ្រោងចំណាយប្រមាណ២៤៥,៩លានដុល្លារ គម្រោងលើកកម្ពស់ គុណភាពផ្លូវជាតិលេខ៧ពីស្គន់ទៅ ក្រុងកំពង់ចាម និងស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ គ្រោងនឹងចំណាយថវិកាប្រមាណ១១១លានដុល្លារអាមេរិក និងគម្រោងថ្មីមួយទៀត គឺផ្លូវល្បឿនលឿនភ្នំពេញ បាវិត គ្រោងចំណាយប្រាក់ជាង១៦០០លានដុល្លារអាមេរិក។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា គម្រោងសំខាន់ៗទាំងនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនមួយកម្រិតទៀត ពីព្រោះថាគម្រោងនេះ ទាំងសុទ្ធតែជាគម្រោ​ងដែលប្រជាពលរដ្ឋចាំបាច់ ក្នុងការប្រើប្រាស់ ដូចជា ស្ពានឆ្លងទន្លេពីផ្លូវជាតិលេខ១ទៅល្វាឯម គម្រោងស្ពានឆ្លងទន្លេពីភ្នំពេញទៅអរិយក្សត្រជាដើម។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ ធ្នូនេះថា គម្រោងអភិវឌ្ឍន៍ទាំងនេះ នឹងជួយជំរុញចលនាទិញលក់ដីធ្លី ក៏ដូចជា ការអភិវឌ្ឍអចលនទ្រព្យបន្ថែមទៀត ដូចជាតំបន់អរិយក្សត្រ និងតំបន់ល្វាឯម នឹងរំពឹងថាមានការអភិវឌ្ឍអចលនទ្រព្យក្រោយស្ពានតភ្ជាប់រួចរាល់។

លោកបន្តថា “តំបន់មានការអភិវឌ្ឍ នឹង ទក់ទាញពល​រដ្ឋឲ្យផ្លាស់ទៅរស់នៅតំបន់នោះកាន់តែច្រើន នៅពេលមានផ្លូវធ្វើដំណើរកាន់តែស្រួល”។

ជាមួយគ្នានេះ អ្នកស្រីក្រី ម៉ាយ៉ាន់ ប្រធានសាខានៃក្រុមហ៊ុន KW ប្រចាំខេត្តកំពង់ចាមបានលើកឡើងថា ជាការពិតណាស់គម្រោងដែលរដ្ឋាភិបាលគ្រោងនឹងបើកការដ្ឋាននៅកំពង់ចាម ( ផ្លូវជាតិលេខ៧) នឹងធ្វើឱ្យមានការចាប់អារម្មណ៍បន្ថែមពីអ្នកអភិវឌ្ឍន៍ ជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៧ផ្ទាល់តែម្ដង។

អ្នកស្រីបន្តថា បន្ទាប់ពីផ្លូវជាតិលេខ៧បានធ្វើរួច អ្នកស្រីរំពឹងថា អ្នកអភិវឌ្ឍន៍ជាច្រើន នឹងបាញ់មករកខេត្តកំពង់ចាម ពីព្រោះខេត្តនេះជាខេត្តមួយដែលមានសក្ដានុពល និងជាខេត្តដែលពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ច្រើនហើយកំណើនប្រជាជន ក្នុងខេត្តកំពង់ចាមក៏មានច្រើន ធៀបនឹងបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។

អ្នកស្រីបន្តថា “អ្វីដែលជាសក្ដានុពល សម្រាប់អ្នកអភិវឌ្ឍន៍គឺទីផ្សារលំនៅឋាន កសិកម្ម ឧស្សាហកម្មនិងពាណិជ្ជកម្មជាដើម”។

ជាមួយគ្នានេះ សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយ ក្នុងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ ដោយមើលឃើញបញ្ហានេះ ទើបរាជរដ្ឋាភិបាលបាននិងកំពុងផ្តោត លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋធំៗកាន់តែច្រើន ដើម្បីជម្រុញកំនើនសេដ្ឋកិច្ខជាតិ។

លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ គឺចំណាយធំណា​ស់ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវតែធ្វើ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here