ដោយៈ គង់ សូរិយា
ភ្នំពេញៈ គោលនយោបាយសំខាន់ៗនៃប្រព័ន្ធភស្ដុភារកម្មកម្ពុជា ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំពិនិត្យលើកទី២ របស់គណៈកម្មការរួមសម្របសម្រួល គម្រោងរបស់អន្តរក្រសួង លើដំណើរការនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្ដុភារកម្មប្រទេសកម្ពុជាជំហានទី២។
កិច្ចប្រជុំនេះត្រូវបានដឹកនាំលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្ដុភារកម្មនៃប្រទេសកម្ពុជា ជំហានទី២ (PMU) និងលោកស្រី MIYAHARA Ai តំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)ប្រចាំកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យលើកទី២ របស់គណៈកម្មការរួមសម្របសម្រួលគម្រោងរបស់អន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើដំណើរការនៃការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្ម នៃប្រទេសកម្ពុជា ជំហានទី២ (PMU) ។
អង្គប្រជុំបានផ្តោតការពិភាក្សា លើរបាយការណ៍លទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយចំពោះគម្រោង និងការវិវឌ្ឍថ្មីៗទាក់ទងនឹងច្រកទ្វារព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ និងវៀតណាម ព្រមទាំងបង្ហាញពីវឌ្ឍនភាព ក្នុងការរៀបចំបង្កើតឡើងគោលនយោបាយ ផែនការសកម្មភាពនានា ដែលក្រុមការងារកំពុងរៀបចំរួមមាន ទី១ គោលនយោបាយភស្ដុភារកម្មបៃតង (Green Logistics Policy) ទី២ គោលនយោបាយរក្សាទំនិញត្រជាក់ (Cold Chain Policy) និងទី៣ គោលនយោបាយទំនើបកម្មរថយន្ដដឹកទំនិញ (Truck Modernization Policy) គោលការណ៍ណែនាំរៀបចំមជ្ឈមណ្ឌលភស្តុភារកម្ម ក៏ដូចជា ការធ្វើបទបង្ហាញអំពីការត្រួតពិនិត្យ និងវាយតម្លៃគម្រោងផែនការមេ ប្រព័ន្ធភស្តុភារកម្មកម្ពុជា ការបង្កើតឡើង ប្រព័ន្ធទិន្នន័យប្រព័ន្ធទំនាក់ទំនង និងការសិក្សាទីផ្សារភស្តុភារកម្ម និងបទបង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំ សាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនសម្រាប់សម្រួល និងធ្វើឱ្យប្រសើរឡើងចរាចរណ៍ ឆ្លងកាត់នៅច្រកទ្វារព្រំដែនបាវិត និងប៉ោយប៉ែត និងការជួយសម្របសម្រួលការងារបើកប្រតិបត្តិការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនជាបណ្តោះអាសន្ន ច្រកទ្វារស្ទឹងបត់-បានណងអៀន (កម្ពុជា-ថៃ)។
អង្គប្រជុំក៏បានស្តាប់បទបង្ហាញ និងជជែកពិភាក្សាគ្នាផងដែរលើការសិក្សា និងអនុសាសន័របស់ទីភ្នាក់ងារ JICA ទៅលើគំហើញកត្តាមួយចំនួនដែលកើតឡើង និងសំណើស្វែងរកដំណោះស្រាយ ការកកស្ទះនៅច្រកទ្វារព្រំដែនបាវិត រវាងកម្ពុជា-វៀតណាម។
ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមជំនាញការជប៉ុន ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារនៃគណៈកម្មការគ្រប់គ្រងគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្ដុភារកម្មជំហានទី២ និងសមាជិកគណៈកម្មការរួមសម្របសម្រួលគម្រោង ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងការចូលរួមពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទទួលលទ្ធផលបានល្អប្រសើរ។
លោកជំទាវរដ្ឋលេខាធិការ ក៏បានសំណូមពរផងដែរ ឱ្យក្រុមការងារទាំងអស់បន្តសហការបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងអាចបញ្ចប់គម្រោងដោយជោគជ័យ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕