ដោយៈ សុផារី
ព្រះសីហនុៈ គម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ ក្នុងទ្រង់ទ្រាយធំដែលអាចអនុញ្ញាត្ត ឲ្យយន្តហោះអន្តរទ្វីបចុះចតបាន នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។
-->

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូបានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាអំពីវឌ្ឍនភាព នៃភាពជាដៃគូវិនិយោគរបស់ក្រុមហ៊ុន Vinci និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា។

សម្តេចតេជោហ៊ុន សែន បានអបអរសាទរដល់ក្រុមហ៊ុន Vinci Airports ដែលនាពេលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដោយសារបានប្រើប្រាស់ គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជា ដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ។
លោក Nicolas Notebeart ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្តេចតេជោ ដែលតែងតែផ្តល់សេចក្តីទុកចិត្តដល់ ក្រុមហ៊ុន Vinci ចំពោះភាពជាដៃគូឈ្នះ ឈ្នះ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០រហូតមកទល់នឹងពេលបច្ចុប្បន្នផងដែរ៕
