ដោយៈ ជេស៊ីកា
កំពតៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តឲ្យអ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ឋបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។
អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៦ ធ្នូកន្លងមកថា គោលបំណងនៃការសាងសង់ រូបសំណាកព្រះពុទ្ឋបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

អ្នកឧកញ៉ាបានបន្ថែមថា ម្យ៉ាងវិញទៀត ព្រះពុទ្ឋបដិមាដ៏ធំស្កឹមស្កៃនេះ ក៏ជាការជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ឋសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយជាពិសេសទៀតនោះ គឺជាការទាក់ទាញយ៉ាងធំធេងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ឱ្យមកកាន់តំបន់នេះយ៉ាងច្រើនកុះករ ហើយក៏ជាប្រភពចំណូលយ៉ាងធំ ដែ លនឹងទទួលបានពីភ្ញៀវទេសចរទាំងនោះ។









