ការព្យាករណ៍:កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញកាន់តែល្អប្រសើរនៅឆ្នាំ២០២៣ខាងមុខ

0

ដោយ: លាងហួរ     

ភ្នំពេញ: មន្ត្រីរដ្ឋាភិបាលកម្ពុជាមួយរូប បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ យ៉ាងល្អប្រសើរពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២២នេះ ដោយរំពឹងថានឹងមានលទ្ធផលល្អប្រសើរបន្ថែមទៀតនៅឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើន៥,៤ភាគរយនៅឆ្នាំនេះ និង៦,៦ភាគរយនៅឆ្នាំ២០២៣។

លោកបានថ្លែងនៅក្នុងសភាថា “ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុង​មួយឆ្នាំត្រូវបានគេរំពឹងថា នឹងកើនឡើងដល់១.៧៨៥ដុល្លារក្នុងឆ្នាំ២០២២ ហើយនឹងកើនឡើងបន្ថែមទៀត រហូតដល់១.៩២៤ដុល្លារនៅឆ្នាំ២០២៣”។

សេដ្ឋកិច្ចនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានជំរុញជាចម្បង ដោយការនាំចេញសម្លៀកបំពាក់ វិស័យសំណង់ វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។

យោងតាមលោកអូន ព័ន្ធមុនីរ័ត្នបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ខាងមុខ វិស័យឧស្សាហកម្ម ដែលភាគច្រើនជាផ្នែកកាត់ដេរ និងសំណង់ត្រូវបានព្យាករណ៍ថានឹងកើនឡើង៩,២ភាគរយ ខណៈដែលវិស័យសេវាកម្ម ភាគច្រើនជាទេសចរណ៍ ដឹកជញ្ជូន ទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យត្រូវបានរំពឹងថា នឹងកើនឡើង៦,៦ភាគរយ រីឯវិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង១,១ភាគរយ។

លោកបានបន្ថែមថា អតិផរណារបស់ប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះដល់ត្រឹម២,៥ភាគរយ នៅឆ្នាំ២០២៣ពីកម្រិត៥ភាគរយនៅក្នុងឆ្នាំ២០២២នេះ។

ប្រសាសន៍របស់លោកអូន ព័ន្ធមុនីរ័ត្ន មានភាពស្របគ្នានឹងលោក លី សុដេត សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជា របស់ធនាគារពិភពលោក ដែលថាសេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងវិញយ៉ាងល្អប្រសើរ បន្ទាប់ពីជំងឺកូវីដ-១៩។

លោក លី សុដេត បានមានប្រសាសន៍ថា ការកើនឡើងនៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងការផលិតកង់ ការងើបឡើងវិញនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ និងការត្រឡប់មកវិញនៃលំហូរវិនិយោគផ្ទាល់ ពីបរទេសបានជួយជំរុញ និងទ្រទ្រង់ដល់កំណើ​នសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២២នេះ។

លោក​បាន​បន្ថែម​ថា​ “នៅក្នុង​រយៈ​ពេល​មធ្យម សេដ្ឋកិច្ច​កម្ពុជាត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​និន្នាការ​ត្រឡប់​ទៅ​រក​សក្ដានុពល​វិញ ដោយ​មាន​កំណើន​ប្រហែល៦ភាគរយ”។

លោក លី សុដេត បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានជួយជំរុញដល់វិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា។

លោក​បាន​អះអាងថា​ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន(CCFTA) នឹង​ទាក់​ទាញ​ក្រុមវិនិយោគិនបរទេស​បន្ថែម​ទៀត ជា​ពិសេស​វិនិយោគិនចិន​ចូលមក​ក្នុងប្រទេស​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here