ដោយៈ សុផារី
ភ្នំពេញៈ ការទិញទំនិញតាមរយៈអនឡាញ បានក្លាយជានិន្នាការថ្មីមួយ ហើយក៏បានកំពុងប្រកួតប្រជែង ដណ្តើមចំណែកទីផ្សារពីផ្សារទំនើប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដើម្បីអាចបន្តឈានមុខនៅក្នុងទីផ្សារ ទីផ្សារលក់រាយតាមផ្សារទំនើបបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយព្យាយាមបន្ថែមនូវអ្វី ដែលការទិញទំនិញអនឡាញមិនមាន។
លោកLawrence Lennon អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែធ្នូកន្លងមកថា ទោះបីកន្លងមកមានការផ្លាស់ប្តូរទម្លាប់ នៅក្នុងការទិញទំនិញពីក្នុងហាង មកទិញទំនិញតាមអនឡាញច្រើនជាងមុនក្តី ប៉ុន្តែអចលនទ្រព្យប្រភេទលក់រាយនៅតែបន្តរីកចម្រើនទៅមុខទៀត។
យ៉ាងណាក្តី នៅតាមផ្សារទំនើបនានា នៅក្នុងទីក្រុងភ្នំពេញបានកំពុងក្លាយជាទីតាំងសម្រាប់ “កំសាន្ត” ច្រើនជាង “ទីកន្លែងទិញទំនិញ” ដោយសារតែ ត្រូវប្រឈមនឹងការប្រកួតប្រជែង ពីសំណាក់អ្នកលក់នៅតាមអនឡាញ។ នេះបើយោងតាមការបញ្ជាក់របស់លោក Lennon។
លោកគូសបញ្ជាក់ថា “ថ្វីត្បិតតែមានការផ្លាស់ប្តូរទម្លាប់ខ្លះ ដោយសារតែកូវីដ១៩នាពេលកន្លងមកក៏ដោយ ក៏ផ្សារទំនើបត្រូវបានគេមើលឃើញថា នៅតែជាមជ្ឈមណ្ឌលសម្រាប់កំសាន្ត ជាជាងសម្រាប់តែការទិញទំនិញតែមួយមុខ”។
លោកបានបន្តទៀតថា “កន្លែងទាំងនេះ ឥឡូវនេះ កំពុងផ្តោតការយកចិត្តទុកដាក់កាន់តែច្រើន ទៅលើការទាក់ទាញ តាមរយៈការផ្តល់ជូននូវបទពិសោធន៍ ជាជាងការលក់រាយ តែមួយមុខ ដើម្បីជាមធ្យោបាយមួយអាចប្រកួតប្រជែង ជាមួយនឹងអ្នកលក់រាយតាមអ៊ីនធឺណិតបាន”។
ជាក់ស្តែង ផ្សារទំនើប Aeon មានជ័យ ដែលទើបបើកដំណើរការនៅថ្ងៃទី១៥ ខែធ្នូកន្លងមក ក៏បានរចនា និងរៀបចំនូវកន្លែងទស្សនាកំសាន្តប្លែកៗជាច្រើន ក្រៅពីហាងអាហារ ហាងលក់សម្លៀកបំពាក់ ផ្សារលក់រាយ កន្លែងហាត់ប្រាណ និងថែរក្សាសម្ផស្ស ជាដើម។
យោងតាមទិន្នន័យស្រាវជ្រាវដោយ ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា ទីផ្សារលក់រាយនៅក្នុងក្រុងភ្នំពេញ នឹងមានការផ្គត់ផ្គង់ថ្មីប្រហែល២០៧.០០០ម៉ែត្រការ៉េ នៅដំណាច់ឆ្នាំ២០២២នេះ ដោយប្រហែល៧០ភាគរយ នៃកន្លែងនោះមានទីតាំងនៅក្នុងផ្សារទំនើប៕