ដោយវុត្ថា
ភ្នំពេញ: ក្រុមហ៊ុនចិនធំមួយគ្រោងបោះទុនវិនិយោគ ចិញ្ចឹមបង្កងនៅកម្ពុជាដើម្បីនាំចេញទៅកាន់បរទេស ខណៈពួកគេបានសិក្សាពីការធ្វើវារីវប្បកម្ម ចិញ្ចឹមបង្កងតាមលក្ខណៈធម្មជាតិ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហើបឲ្យដឹងក្នុងពេលលោកត្រលប់មកពីទស្សនកិច្ច ការវិនិយោគប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មវារីវប្បកម្មបង្កង (Crawfish)នៅតាមដីស្រែរបស់ក្រុមហ៊ុនHubei Laker Group នៅខេត្ត Hubei នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៤ ធ្នូកន្លងមកថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងពិនិត្យ និងវាយតម្លៃ ពីស្ថានភាពនៃការចិញ្ចឹមបង្កងនៅក្នុងដីស្រែនៅប្រទេសចិន លក្ខខណ្ឌបច្ចេកទេសសក្តានុពលសេដ្ឋកិច្ច និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។
លោកបន្តថា “ជំហ៊ានបន្ទាប់គឺក្រុមហ៊ុនចិន នឹងចាត់បញ្ជូនអ្នកជំនាញចុះមកសិក្សាពីទីតាំង និងភូមិសាស្រ្តនៅកម្ពុជា ជាមួយរដ្ឋបាលជលផល ព្រមទាំងរៀបចំចុះអនុស្សារណៈយោគយល់ជាមួយក្រសួង មុននឹងចាប់ផ្តើមបោះទុនវិនិយោគ”។
-->
លោកបន្តថា “ក្រុមហ៊ុនខាងលើ ក៏មានបំណងសហការជាមួយរដ្ឋបាលជលផល ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងពិសោធន៍ពូជបង្កង និងចិញ្ចឹមសាកល្បងមុននឹងចាប់ផ្តើមពង្រីក និងផ្សព្វផ្សាយពីការចិញ្ចឹមដល់កសិករ ឬដៃគូដទៃទៀត”។

តំណាងក្រុមហ៊ុន Hubei Laker Group បានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុននៅប្រទេសចិនជួបបញ្ហាប្រឈមពីរ គឺខុសពីលក្ខខ័ណ្ឌអាកាសធាតុនៅកម្ពុជា ទី១អាកាសធាតុនៅចិន មានស៊ីតុណ្ហភាពត្រជាក់ខ្លាំងនៅរដូវរងារ ដែលធ្វើឲ្យបង្កងមិនអាចលូតលាស់បាន និងទី២ ពលកម្មសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ ដែលធ្វើឲ្យតម្លៃផលិតផលសម្រេចមានកម្រិតខ្ពស់។
ហេតុដូចនេះក្រុមហ៊ុនមានបំណងចង់ ទៅបោះទុនវិនិយោគលើការចិញ្ចឹម និងកែច្នៃបង្កងនៅកម្ពុជាដោយស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជាជួយគាំទ្រដល់គម្រោងនេះ។

លោករដ្ឋមន្រ្តីបានសម្តែងក្តីត្រេកអរ និសូមស្វាគមន៍គម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា ដោយលោកគិតថាការវិនិយោគបែបនេះ អាចជួយជំរុញកំណើនជីវភាពកសិករ និងសេដ្ឋកិច្ចជាតិ៕