ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការទាក់ទាញលំហូរវិនិយោគទុនពីបរទេសមកកាន់វិស័យសក្តានុពលជាច្រើន

0

ដោយ៖ លាងហួរ

ភ្នំពេញ: កម្ពុជាកំពុងក្លាយជាប្រទេសដ៏លេចធ្លោ និងមានសក្តានុពលរីកចម្រើនលើគ្រប់វិស័យនៅក្នុងតំបន់  ស្របពេលវិនិយោគិនបរទេសជាច្រើនសម្លឹងឃើញប្រទេសនេះជាគោលដៅវិនិយោគ ដោយសារមានកត្តាអំណោយផលនិងទាក់ទាញជាច្រើន។

ប្រទេសកម្ពុជា​នឹង​មាន​សភា​កសិកម្ម​មួយ​ ដែល​ធំ​ជាង និង​តំណាង​ជាង​សហព័ន្ធ​ស្រូវ​អង្ករ​ទៅ​ទៀតនៅក្នុងពេលឆាប់ៗនេះ។

លើសពីនោះ ការបើកសម្ពោធដំណើរការតុលាការពាណិជ្ជកម្មនៅឆ្នាំក្រោយ ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ នឹងពង្រឹងបន្ថែមទៀតនូវក្របខណ្ឌច្បាប់ និងយន្តការសម្រាប់វិនិយោគិនអន្តរជាតិនៅកម្ពុជាប្រកបដោយសុវត្ថិភាព និងទំនុកចិត្តក្នុងបរិយាកាសទីផ្សារបើកចំហ និងយុត្តិធម៌ ដោយផ្អែកលើ  នីតិរដ្ឋ ស្តង់ដារពាណិជ្ជកម្មអន្តរជាតិ និងបទប្បញ្ញត្តិ។

យោងតាមអង្គការឃ្លាំមើលម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់(AMRO)បានឱ្យដឹងថា អត្រាអតិផរណារបស់កម្ពុជាមានកម្រិតទាបជាង បើធៀបនឹងបណ្តាប្រទេសភាគច្រើនផ្សេងទៀតនៅក្នុងតំបន់។

ដោយសារតែមានអត្រាអតិផរណាទាបនោះហើយ ទើបកម្ពុជាក្លាយជាប្រទេសមានអំណាច​នៃការទិញ​ដ៏ខ្ពស់មួយ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។បូករួមនឹងគោលនយោបាយរូបិយបណ្ណដែលដំណើរការដោយប្រាក់ដុល្លារអាមេរិករបស់យើង នឹងជំរុញឱ្យការវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែមានស្ថិរភាព។

ម្យ៉ាងវិញទៀត កម្ពុជាក៏កំពុងចាប់ផ្តើមប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការបំភាយកាបូន ថ្លៃដើមអគ្គិសនី និងការផលិតថាមពលសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ក្នុងគោលបំណងបង្កើនការប្រកួតប្រជែងរបស់យើងបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណេញសម្រាប់ឧស្សាហកម្មប្រើប្រាស់ថាមពលខ្ពស់។

កម្ពុជា​នឹង​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​នៅក្នុង​វិស័យ​នេះ​សម្រាប់ការវិនិយោគ​រយៈ​ពេល​វែង និង​មធ្យម​ ដែល​នេះជាចំណុច​សំខាន់​សម្រាប់​វិនិយោគិនអន្តរជាតិ​គួរ​កត់​សម្គាល់​នៅ​ពេល​ពិចារណា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។

ចំណែក វិស័យធនាគារនៅកម្ពុជា ក៏នឹងមានការរីកចម្រើនជាលំដាប់ ដោយមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើកសាខាកាន់តែច្រើនឡើងៗក្នុងប្រទេសកម្ពុជា ដោយសារអតិថិជនដាក់ប្រាក់បញ្ញើកាន់តែខ្ពស់ និងមានតម្រូវការកម្ចីពាណិជ្ជកម្ម និងកម្ចីទិញផ្ទះកាន់តែខ្ពស់ពីធនាគារ។ ជាភាពជាក់ស្តែង ធនាគារ ABA កាន់តែច្រើនឡើងៗបានបើក និងពង្រីកសាខារបស់ខ្លួន នៅទូទាំងប្រទេសក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

នេះមិនមែនជាទ្រឹស្ដីសេដ្ឋកិច្ចទៀតនោះទេ ប៉ុន្តែជាមួយនឹងអង្គហេតុ និងភ័ស្តុតាងដ៏ច្រើនសន្ធឹកសន្ធាប់ បានឆ្លុះបង្ហាញឱ្យឃើញថា កម្ពុជាកំពុងដើរនៅលើផ្លូវឆ្ពោះទៅក្លាយជាប្រទេសខ្លាសេដ្ឋកិច្ចអាស៊ីនៅក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ។

បើយើងងាកក្រឡេកមកមើលវិស័យអចលនទ្រព្យកម្ពុជាវិញម្តង នោះអ្នកគ្រប់គ្នាប្រាកដជាបានឃើញហើយថា សំណង់អគារចំនួនជាង១០០០កន្លែងនៅខេត្តព្រះសីហនុកំពុងជាប់គាំង ហើយនៅរាជធានីភ្នំពេញក៏មានករណីនេះផងដែរ។

ដើម្បីឆ្លើយតបចំពោះបញ្ហានេះ មធ្យោបាយគឺត្រូវគ្រប់គ្រងបន្ថែមទៀតដោយរដ្ឋាភិបាល ឬតាមរយៈការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន ដើម្បីឱ្យមូលនិធិដែលបានស្នើឡើង និងការប្រើប្រាស់មូលនិធិត្រូវបានគ្រប់គ្រង និងអនុវត្តតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់របស់និយតករកម្ពុជា។

ក្រុមវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែចាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅពេលដែលពួកគេយល់ជ្រាបអំពីវិធី ដែលមូលនិធិត្រូវបានលើកឡើងដោយស្របច្បាប់ និងរបៀបប្រើប្រាស់មូលនិធិឱ្យបានត្រឹមត្រូវ ដូចដែលត្រូវបានគ្រប់គ្រងដោយនិយតករកម្ពុជា។

និយតករអាចធានាថាមូលនិធិត្រូវបានប្រើប្រាស់ និងអនុលោមតាមគោលការណ៍ណែនាំ និងនីតិវិធីច្បាប់ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន ក្នុងករណីក្រុមហ៊ុនដែលបានចុះបញ្ជីប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ។

លើសពីនេះ និយតករអាចដើរតួនាទីជាអ្នកធានា ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនបរទេសមានទំនុកចិត្តយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

 

វាក៏នឹងពង្រឹងក្រុមហ៊ុនឯកជនកម្ពុជាឱ្យកែលម្អតារាងតុល្យការ និងរបាយការណ៍ប្រាក់ចំណេញ និងការខាតបង់ ព្រមទាំងផែនការអាជីវកម្ម និងប្រតិបត្តិការក្នុងរយៈពេល៥ទៅ១០ឆ្នាំរបស់ពួកគេ ដើម្បីបញ្ចុះបញ្ចូលគណៈកម្មការមូលបត្រឱ្យចុះបញ្ជីក្រុមហ៊ុនរបស់ពួកគេនៅក្នុងផ្សារហ៊ុនកម្ពុជា។

កម្ពុជាក៏ជាប្រទេសមានប្រាក់ចំណូលខ្ពស់លើការវិនិយោគ និងភាគលាភខ្ពស់បំផុតមួយក្នុងចំណោមបណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ ខណៈកម្ពុជាប្រកាន់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណចម្បងរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here