ប្រទេសកម្ពុជាគ្រោងបង្កើតគម្រោងផ្លូវសូត្រអាកាសខេត្តនិងក្រុងចំនួនពីរជាមជ្ឈមណ្ឌលទាក់ទាញទេសចរពីអាស៊ាន

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Angkor Air បានបញ្ជាក់ឲ្យដឹងថា Cambodia Angkor Air នឹងរៀបចំបង្កើតគម្រោង មួយថ្មី “China’s Air Silk Road” ដែលជាគម្រោងផ្លូវសូត្រអាកាស ដោយចង់ឲ្យភ្នំពេញ-សៀមរាប ជាមជ្ឍមណ្ឌលក្នុងការទទួលបានភ្ញៀវទេសចរពីអាស៊ាន។

នេះបើយោងតាមការលើកឡើងរបស់លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodia Angkor Air កាលពីចុងសប្តាហ៍កន្លងមក។

លោក តឹករ៉េត សំរេច បានបញ្ជាក់ថា ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន យើងនឹងរៀបចំបង្កើតគម្រោងមួយថ្មី Air Silk Road ដែលជាគម្រោងផ្លូវសូត្រអាកាស ដែលចង់ឲ្យ ភ្នំពេញ-សៀមរាប ជាមជ្ឈមណ្ឌល ក្នុងការទទួលភ្ញៀវទេសចរពីអាស៊ាន ហើយភ្ជាប់ពីអាស៊ាន ទៅកាន់ប្រទេសចិន ហើយភ្ជាប់ពីចិន មកភ្នំពេញ-សៀមរាប និងទៅប្រទេសគោលដៅ នៅអាស៊ាន។

លោក តឹករ៉េត សំរេច បានឲ្យដឹងទៀតថា ឆ្នាំ២០២៣ ខាងមុខនេះ Cambodia Angkor Air នឹងពង្រីកបន្ថែម នូវការហោះហើរជាច្រើនទៀត ទៅកាន់ទីក្រុងហៃគូ ហាំងចូវ សៀងហៃ ប៉េកាំង នៃប្រទេសចិន និងសិង្ហបុរី ដែលអាចមានអ្នកដំណើរកើនឡើង ចំនួន៦៥០.០០០នាក់ ប្រមាណជិត១០.០០០ជើង និងបាននាំយកនូវយន្តហោះថ្មី ATR72 មួយគ្រឿង និង Airbus A320 មួយគ្រឿង។

លោក តឹករ៉េត សំរេច បានថ្លែងថា រយៈពេលដ៏លំបាកបំផុត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ របស់យើងបានឈានដល់ទីបញ្ចប់ហើយ យើងកំពុងតែសម្លឹងឆ្ពោះ ទៅកាន់អនាគតដ៏ត្រចះត្រចង់ ការរីកចម្រើនកាន់តែលឿន និងពង្រីកការហោះហើរបន្ថែម ដោយនាំយកនូវវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក។

នៅដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងគួរឲ្យកត់សម្គាល់ចំនួន១.៥៧លាននាក់ ស្មើនឹង១០ដង បើធៀបទៅនឹងឆ្នាំ២០២១ ជាពិសេសខេត្តសៀមរាប ទទួលភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិសរុបចំនួន១,៨លាននាក់ កើនឡើង៨ដង បើធៀបនឹងឆ្នាំមុន យោងតាមតួលេខ របស់ក្រសួងទេសចរណ៍។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានគោលបំណងអភិវឌ្ឍជើងហោះហើររបស់ខ្លួន ដោយគ្របដណ្តប់លើគោលដៅ ដែលមានសក្តានុពល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងជាពិសេសទីផ្សាររបស់ប្រទេសចិន តាមរយៈការអភិវឌ្ឍគម្រោង “កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រហោះហើរផ្លូវសូត្រ ហឺណាន-កម្ពុជា-អាស៊ាន” (Henan-Cambodia-ASEAN-Air Silk Road Strategic Cooperation Agreement) ហើយក្រុមហ៊ុនក៏គ្រោងនឹងបង្កើត ទីស្នាក់ការកណ្តាលទីពីរ នៅក្នុងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here