អត្រា​កាន់កាប់​​អចលន​ទ្រព្យនៅក្នុងប្រទេស​កម្ពុជាបង្ហាញសន្ទុះ​ខ្ពស់ឡើងវិញលើគ្រប់ផ្នែក

0

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារពិភពលោក បានអះអាងថា ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានសកម្មភាពយឺតយ៉ាវ និងបានធ្លាក់ចុះ ដោយសារផលប៉ះពាល់ពីវិបត្តិជំងឺ និងវិបត្តិសេដ្ឋកិច្ចនាពេលកន្លងមក។ ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល អត្រាកាន់កាប់អចលនទ្រព្យហាក់បង្ហាញសញ្ញាវិជ្ជមានឡើងវិញ។

របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ចេញផ្សាយប្រចាំខែធ្នូ បានឱ្យដឹងថា  ការស្ទុះងើបឡើងវិញមួយផ្នែកនៃវិស័យទេសចរណ៍ និងការធ្វើដំណើរបានធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ច នៃសកម្មភាពសំណង់ ដែលទាក់ទងនឹងទេសចរណ៍មានភាពប្រសើរឡើង ទោះបីជាសកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យនៅតែបន្តធ្លាក់ចុះក៏ដោយ។

មួយវិញទៀត ទីផ្សារខុនដូក៏មានស្ថិរភាពតម្លៃទិញលក់ និងជួល ដោយការស្នាក់នៅនៃអ្នកទេសចរក្នុងស្រុកបន្តគាំទ្រដល់អត្រាកាន់កាប់ ដែលបានជួយរក្សាស្ថិរភាព និងរក្សាតម្លៃលក់ និងការជួលខុនដូ ដែលមានតម្លៃសមរម្យ និងមធ្យម។

ការស្រាវជ្រាវរបស់ World Bank បានរកឃើញថា តម្រូវការសម្រាប់ការផ្គត់ផ្គង់ការិយាល័យនៅក្នុងឆ្នាំ២០២២នៅបន្តមានស្ថិរភាព ជាមួយនឹងអត្រាកាន់កាប់ប្រមាណ៧០ភាគរយ ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំ២០២២ នៅពេលដែលសកម្មភាពក្រុមហ៊ុនធ្វើការនៅក្នុងការិយាល័យបានកើនឡើងវិញ។ ជាមួយគ្នានេះ ការផ្គត់ផ្គង់លក់រាយមានភាពប្រសើរឡើង ជាមួយនឹងអត្រាកាន់កាប់ប្រមាណ៧០ភាគរយផងដែរ។

របាយការណ៍នេះបន្តថា អត្រាកាន់កាប់អចលនទ្រព្យកំពុងស្ទុះងើបឡើងវិញ ខណៈពេលដែលវិស័យទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបន្តរក្សាការងើបឡើងវិញបន្តិចម្តងៗ។ សណ្ឋាគារដែលមានតម្លៃសមរម្យបានជួបប្រទះនឹងការងើបឡើងវិញ ខណៈពេលដែលទេសចរ និងអ្នកធ្វើដំណើរអាជីវកម្មបានត្រឡប់មកវិញ។

ខេត្ត-ក្រុងពឹងផ្អែកលើវិស័យទេសចរណ៍មួយចំនួន ដូចជា ខេត្តសៀមរាប និងក្រុងព្រះសីហនុ បានទទួលភ្ញៀវទេសចរក្នុងស្រុក និងបរទេសកាន់តែច្រើនឡើងជាលំដាប់ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលកំពុងដំណើរការ ភាគច្រើនផ្តល់ហិរញ្ញប្បទានដោយភាពជាដៃគូសាធារណៈ និងឯកជនបាន និងកំពុងត្រូវបានសាងសង់ ដើម្បីគាំទ្រដល់ឧស្សាហកម្មទេសចរណ៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here