ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ការវិនិយោគឧស្សាហកម្ម ដូចជារោងចក្រ ឃ្លាំង បង្កើតថ្មីៗត្រូវបានមើលឃើញថា បានងាកទៅកាន់ទិសខាងលិចភ្នំពេញភាគច្រើន ជាក់ស្ដែងក្នុងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា គម្រោងវិនិយោគថ្មីៗមួយចំនួនធំដែលអនុម័តឱ្យវិនិយោគជាផ្លូវការ មានទីតាំងនៅទិសខាងលិចនៃរាជធានី។
នៅក្នុងរបាយការណ៍បានបង្ហាញផងដែរថា ក្រៅពីរាជធានីភ្នំពេញ មានខេត្តព្រះសីហនុ កំពង់ស្ពឺ និងខេត្តកណ្ដាល ទទួលបានគម្រោងវិនិយោគច្រើនក្នុងត្រីមាសចុងក្រោយនេះ ដែលសបញ្ជាក់ពីសក្ដានុពលនៃការវិនិយោគនៅក្នុងតំបន់នៃទិសខាងលិចភ្នំពេញ ។
លោកបូ សេងហូរ ប្រធានសាខានៃក្រុមហ៊ុន អចលនទ្រព្យCentury 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៩ ធ្នូនេះថា តម្រូវការដីសម្រាប់វិនិយោគរោងចក្រ ឧស្សាហកម្មនៅក្នុងឆ្នាំ ២០២២នេះ ឃើញថាហាក់មានកំណើនឡើងវិញបន្តិច ដោយក៏យើងសង្កេតឃើញថា មានគម្រោងធំមួយចំនួននឹងបង្ហាញខ្លួន ប៉ុន្តែរដ្ឋាភិបាលមិនទាន់បញ្ចេញព័ត៌មានឱ្យដឹងជាសាធារណនៅឡើយ ពីព្រោះថាបើកាលណាបញ្ចេញព័ត៌មានមក នឹងធ្វើឱ្យអ្នកមានដីនៅតំបន់ជុំវិញនោះនឹងដំឡើងថ្លៃដីរបស់ខ្លួនជាក់ជាមិនខាន។
លោកបន្តថា នៅតាមបណ្ដោយផ្លូវ៤១ ផ្លូវ៥១ ផ្លូវ៤២និងផ្លូវថ្មីៗមួយចំនួនទៀត នៅក្នុងខេត្តកំពង់ស្ពឺ ឃើញមានការត្រៀមសម្រាប់ស្វាគមន៍ការវិនិយោគលើរោងចក្រឧស្សាហកម្មនេះ ដែលយើងរំពឹងថានឹងទទួលបានការវិនិយោគថ្មីៗបន្ថែមទៀតនៅពេលឆាប់ៗនេះ។
ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនAdvance ក៏បានលើកឡើងថា សក្ដានុពលផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ កំពុងនាំវិនិយោគិនទៅកាន់តំបន់ខាងលិច រាជធានីភ្នំពេញ ជាពិសេសនៅក្រុងព្រះសីហនុ ដែលយើងនឹងមើលឃើញពីការចាប់អារម្មណ៍ ពីអ្នកវិនិយោគថ្មីៗ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នឹងក្លាយជាផ្លូវភ្ជាប់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ភ្ជាប់ពីភ្នំពេញ និងក្រុងព្រះសីហនុ ក៏ដូចជា ខេត្តជាប់ៗនោះផងដែរ ។
លោកបន្តថា “តាមរយៈផ្លូវនេះ នឹងជំរុញឱ្យកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ និងជម្រុញសកម្មភាពពាណិជ្ជកម្មរវាងតំបន់ទាំងពីរ និងជំរុញការវិនិយោគទៅកាន់ខេត្តព្រះសីហនុបន្ថែមផងដែរ”៕