ដោយ: លាងហួរ
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូងបានព្រមាន ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចកាន់តែជ្រៅ ជាងការរំពឹងទុកនៅឆ្នាំ២០២៣ ដោយប្រទេសនេះកំពុងពន្យារការផ្អាកយកពន្ធ លើការលក់ផលិតផលប្រេងឥន្ធនៈមួយចំនួន និងរថយន្តដឹកអ្នកដំណើរក្នុងរយៈពេលពី២ទៅ៣ខែ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Choo Kyung-ho បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំគណបក្សកាន់អំណាចថា “កំណើនសេដ្ឋកិច្ចរបស់យើងត្រូវបានគេរំពឹងថា នឹងថមថយចុះនៅឆ្នាំក្រោយ ដោយសាររងឥទ្ធិពលពីការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក”។ លោកបានបន្ថែមថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងល្បឿនលឿនជាងការរំពឹងទុករួចទៅហើយ”។
រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងប្រកាសពីយុទ្ធសាស្ត្រគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ ដែលនេះនឹងក្លាយជាសេចក្តីថ្លែងការណ៍សម្រាប់ពេញមួយឆ្នាំ ជាលើកដំបូងសម្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Yoon Suk-yeol។
សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាសេដ្ឋកិច្ចធំជាងគេទី៤នៅអាស៊ី ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ ចាប់ពីរថយន្ត និងនាវា រហូតដល់បន្ទះឈីប និងស្មាតហ្វូន។
កាលពីខែវិច្ឆិកាកន្លងទៅ ធនាគារកណ្តាលកូរ៉េបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ មកត្រឹម១,៧ភាគរយ ធ្លាក់ចុះពី២,១ភាគរយសម្រាប់ឆ្នាំ២០២៣ ដោយលើកឡើងពីការធ្លាក់នៃការនាំចេញ និងការថយចុះនៅក្នុងការវិនិយោគសាជីវកម្ម។
សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង ត្រូវពឹងផ្អែកលើការប្រើប្រាស់ ក្នុងស្រុកកាន់តែច្រើន ដើម្បីទូទាត់តម្រូវការនាំចេញដែលធ្លាក់ចុះ។
ចំណែកក្រសួងហិរញ្ញវត្ថុ ក៏បានបន្តការបន្ធូរបន្ថយពន្ធរហូតដល់៦ខែលើផលិតផលប្រេងឥន្ធនៈ និងការលក់រថយន្តដឹកអ្នកដំណើរផងដែរ៕