ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងរយៈពេលប្រមាណជិត៣ឆ្នាំមកនេះ ទីផ្សារលំនៅឋានមិនថាផ្ទះជាប់ដី មានលក្ខណៈជាបុរី ឬក៏ខុនដូនោះទេ បានជួបប្រទះនឹងបញ្ហប្រឈម ហើយក្នុងឆ្នាំ២០២២នេះឃើញថា ទីផ្សារនេះក៏ចាប់ផ្ដើមមានការធ្វើពិពិធកម្ម ពីសំណាក់ម្ចាស់គម្រោង ដើម្បីជំរុញការលក់របស់ខ្លួនឡើងវិញ។
កត្តាមួយចំនួន ក៏បានធ្វើឱ្យប្រសិទ្ធភាព ក្នុងការជំរុញការលក់លំនៅឋាននិងខុនដូននៅកម្ពុជាផងដែរ។
-->
លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា នៅក្នុងពេលបច្ចុប្បន្ននេះ យើងបានឃើញថា ម្ចាស់គម្រោងជាច្រើន បានផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារ ដើម្បីជំរុញការលក់របស់ខ្លួននៅក្នុងពេលស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅមិនទាន់ប្រាកដប្រជា ជាពិសេសនោះ ក្នុងពេលវិនិយោគិនបរទេស នៅតែមិនទាន់បានចូលមកកម្ពុជាច្រើននៅឡើយ ។
លោកបន្តថា “ក្នុងបរិបទដែលជនបរទេស មិនទាន់បានចូលមកម្ពុជាច្រើនដូចមុនស្ថានភាពកូវីដ១៩ ម្ចាស់គម្រោងអភិវឌ្ឍន៍ខុនដូ នៅកម្ពុជាបានកែប្រែលក្ខខណ្ឌ បង់ប្រាក់និងតម្លៃខុនដូ ដើម្បីទាក់ទាញអ្នកទិញ ដែលជាអ្នកក្នុងស្រុក”។លោកបន្តថា “ដូច្នេះហើយ ទើបមានគម្រោងខុនដូមួយចំនួន នៅតែទទួលបានការលក់ជាបន្តបន្ទាប់ ដោយភាគច្រើនគឺជាអតិថិជនក្នុងប្រទេស”។

លោកខន គង្គាបានបន្ថែមថា អ្នកវិនិយោគខុនដូនាពេលបច្ចុប្បន្ននេះ នឹងទទួលបានផលចំណេញខ្ពស់ នៅពេលអនាគត ជាពិសេសនៅពេលដែលមានការវិនិយោគ ពីបរទេសចូលមកកម្ពុជា និងក្នុងពេលជនបរទេសចូលមកកម្ពុជាច្រើន ដូចកាលស្ថានភាពមុនកូវីដ១៩ ។
ជាមួយគ្នានេះ អ្នកនាងចន្ទី ទិវា នាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Advance Property បានឱ្យដឹងថា អតិថិជនខ្លះគាត់មិនទាន់ចង់ទិញគម្រោងលំនៅឋាន ឬក៏ខុនដូនោះទេ ប៉ុន្តែដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍ បានផ្ដល់នូវលក្ខខណ្ឌបង់ប្រាក់ងាយៗ និងមានការរំលស់ផងនោះ ទើបគាត់សម្រេចចិត្តទិញ ដោយរំលស់ខ្លះ និងទុកលុយសម្រាប់ប្រកបរបរកស៊ីខ្លះ ។
អ្នកនាងបន្តថា “អ្នកវិនិយោគខ្លះ គាត់ចាប់ឱកាសសម្រាប់រកប្រាក់ចំណេញនៅពេលអនាគត ជាក់ស្ដែងអ្នកអភិវឌ្ឍន៍មួយចំនួន បានលក់ផ្ទះ ក្នុងតម្លៃទាបឬក៏បញ្ចុះតម្លៃច្រើន ទើបពួកគាត់ទិញដើម្បីទុកលក់វិញនៅពេលអនាគត ដែលកត្តាទាំងនេះហើយ បានជំរុញឱ្យមានការទិញលក់ជាបន្តបន្ទាប់”៕
