ដោយ៖ សុផារី
ព្រះសីហនុ៖ ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខេត្តព្រះសីហនុនឹងមានការកសាងគម្រោងដ៏ធំមួយ គឺ ផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីជួយសម្រួលការដឹកជញ្ជូន និងអាចជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។
នេះបើយោងតាមការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
-->
សម្តេចតេជោបានលើកឡើងថា ដោយសារផ្លូវដែកបច្ចុប្បន្ន គឺមិនទាន់អាចបម្រើនូវសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាបានគ្រប់គ្រាន់នៅឡើយទេ ដែលត្រូវការការអភិវឌ្ឍបន្ថែមទៀត នៅថ្ងៃអនាគត ប្រទេសកម្ពុជានឹងរៀបចំឱ្យមានផ្លូវដែកល្បឿនលឿនពីភ្នំពេញមកខេត្តព្រះសីហនុ និងពីក្រុងព្រះសីហនុ ទៅកាន់ព្រំដែនថៃ។

សម្ដេចតេជោបន្ថែមថា ការធ្វើផ្លូវដែកល្បឿនលឿន មិនចំណាយពេលយូរនោះទេ ដោយសារតែកម្ពុជាមានផ្លូវដែកស្រាប់ នៅពេលបច្ចុប្បន្ន។ ប្រទេសកម្ពុជាត្រូវការការតភ្ជាប់ផ្ទៃក្នុង ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។
សម្តេចតេជោក៏លើកឡើងថា ប្រសិនបើកម្ពុជាមិនធ្វើការកសាងគម្រោងនេះ នោះបញ្ហានៅតែមានដដែល ដែលដូច្នេះទាមទារឱ្យមានការកសាងការតភ្ជាប់ផ្ទៃក្នុង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមជាតិ។
សម្ដេចតេជោថា ក្រៅពីនោះក៏អាចនឹងមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀត ក្នុងប្រទេសផងដែរ៕
