ការសិក្សាក្រុមហ៊ុនFoxconn Volkswagen និងApple ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនបរទេសធំបំផុតក្នុងប្រទេសចិន

0

ដោយ: លាងហួរ

ប៉េកាំង: យោងតាមវិទ្យាស្ថានស្រាវជ្រាវHurun បានឱ្យដឹងថា បណ្តាក្រុមហ៊ុនបរទេសធំៗបំផុត ចំនួន១០០នៅក្នុងប្រទេសចិន រកចំណូលបាន១ពាន់ពាន់លានដុល្លារ ក្នុងការលក់កាលពីឆ្នាំ២០២១ ដែលស្មើនឹង៧ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។

ជាក់ស្តែង ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក របស់តៃវ៉ាន់ Hon Hai Precision ដែលគេស្គាល់យ៉ាងច្បាស់ថាជា Foxconn បានឈរនៅលើកំពូលតារាងបញ្ជី ជាក្រុមហ៊ុនបរទេសធំបំផុតទី១ សម្រាប់ឆ្នាំទី២ជាប់ៗគ្នា  តាមពីក្រោយដោយក្រុមហ៊ុន ផលិតរថយន្តអាល្លឺម៉ង់ Volkswagen និងក្រុមហ៊ុន Apple មកពីសហរដ្ឋអាមេរិក។

ក្រុមហ៊ុនទាំងនោះត្រូវបានជ្រើសរើស ដោយផ្អែកលើការលក់របស់ពួកគេ និងចំនួនបុគ្គលិកនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនបរទេសភាគច្រើន មានប្រភពមកពីអឺរ៉ុប និងអាមេរិក ប៉ុន្តែវាក៏រួមបញ្ចូលក្រុមហ៊ុនមកពីហុងកុង ម៉ាកាវ និងតៃវ៉ាន់ ផងដែរ។

ឧស្សាហកម្មធំៗចំនួន៤ ដូចជា រថយន្ត ទំនិញប្រើប្រាស់  ការថែទាំសុខភាព និងគ្រឿងអេឡិចត្រូនិក មានចំនួនជិតពាក់កណ្តាលនៃបញ្ជីក្រុមហ៊ុនបរទេសក្នុងប្រទេសចិន។

ថ្វីបើវិធានការកូវីដសូន្យ ដ៏តឹងរ៉ឹងរបស់ប្រទេសចិន បានធ្វើឲ្យអារម្មណ៍របស់ក្រុមអ្នកធុរកិច្ចធ្លាក់ចុះយ៉ាងណាក្តី  ប៉ុន្តែបណ្តាក្រុមហ៊ុនបរទេសនានាក៏បានពង្រីកអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសនេះផងដែរ។

របាយការណ៍របស់វិទ្យាស្ថានHurun បានបង្ហាញថា កាលពីឆ្នាំ២០២០កន្លងទៅ បណ្តាក្រុមហ៊ុនបរទេសធំៗចំនួន១០០ បានជួលបុគ្គ​លិកប្រហែល២,៥លាននាក់  និងមានទំហំការលក់ចំនួន៩០០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៦ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសចិន។

តួយ៉ាងដូចជា ក្រុមហ៊ុនបរទេសធំបំផុតលំដាប់ទី១ Foxconn មានទំហំការលក់ចំនួន១០០ពាន់លានដុល្លារអាមេរិក និងបុគ្គលិកចំនួន៧៥ម៉ឺននាក់។

ក្រុមហ៊ុនធំបំផុតលំដាប់ទី២ Volkswagen មានទំហំការលក់រហូតដល់៦០ពាន់លានដុល្លារ ហើយក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ ដ៏ធំមួយនេះ លក់បានរថយន្តចំនួន៣,៣លានគ្រឿង នៅក្នុងប្រទេសចិនកាលពីឆ្នាំ២០២១។

ចំណែកក្រុមហ៊ុន Apple ដែលបានដណ្តើមតំណែងជាក្រុមហ៊ុនបរទេសធំបំផុតលំដាប់ទី៣ របស់ក្រុមហ៊ុនGeneral Motors បង្កើតចំណូ​លបាន៧០ពាន់លានដុល្លារកាលពីឆ្នាំមុន។

លើសពីនេះទៅទៀតនោះ ក្រុមហ៊ុន Appleបានកាន់កាប់២៥ភាគរយនៃទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ជាមួយនឹងម៉ាកទូរស័ព្ទដៃ iPhone កាលពីខែតុលា។

ទោះបីជាមានវិវាទពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងណាក្តី ក៏ប៉ុន្តែក្រុមហ៊ុនអាមេរិកនៅតែជាកត្តារួមចំណែកដ៏ធំបំផុត ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ដោយមានក្រុមហ៊ុនអាមេរិកចំនួន៣៦នៅក្នុងបញ្ជី៕

LEAVE A REPLY

Please enter your comment!
Please enter your name here