ដោយ: លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក Datuk Seri Anwar Ibrahim បានមានប្រសាសន៍ថា គម្រោងផ្លូវរថភ្លើងEast Coast Rail Link (ECRL) ដែលមានប្រវែង៦៦៥គីឡូម៉ែត្រ នឹងបន្តដំណើរការក្រោមរដ្ឋបាលថ្មីរបស់លោក ដោយថ្លៃចំណាយសរុបលើគម្រោងនេះ ត្រូវបានកាត់បន្ថយមកនៅត្រឹម ប្រមាណ១៦,៩ពាន់លានដុល្លារប៉ុណ្ណោះ។
ទំហំនៃការចំណាយសរុបថ្មីខាងលើនេះ បានថយចុះប្រមាណ២,៤៨ពាន់លានដុល្លារ បើធៀបនឹងការចំណាយ ដែលបានគ្រោងទុកពីមុនប្រហែល១៩,៣៧ពាន់លានដុល្លារ។
-->
បណ្តាញផ្លូវដែកនេះមានផ្លូវរូងក្រោមដីចំនួន៥៩ និងឆ្លងកាត់រដ្ឋចំនួន៤ រួមមាន រដ្ឋ Kelantan រដ្ឋ Terengganu រដ្ឋ Pahang និងរដ្ឋ Selangor ផងដែរ។
ECRL ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវរថភ្លើង ដែលតភ្ជាប់ទីក្រុង Port Klang នៅលើច្រកសមុទ្រម៉ាឡាកា ទៅកាន់ទីក្រុង Kota Bharu នៅភាគឦសាននៃឧបទ្វីបម៉ាឡេស៊ី រួចតភ្ជាប់បន្តទៅកាន់រដ្ឋ Pahang រដ្ឋ Terengganu រដ្ឋ Kelantan រដ្ឋ Selangor និងតំបន់ក ណ្តាល នៃឆ្នេរសមុទ្រភាគខាងលិចរបស់ឧបទ្វីបម៉ាឡេស៊ី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ទី២១ ខែធ្នូ លោក Anwar Ibrahim បានមានប្រសាសន៍ថា រដ្ឋាភិបាលថ្មីនឹងបន្តដំណើរការគម្រោងដ៏ធំនេះ ដោយសារវាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងចាស់។

លោក Anwar បានមានប្រសាសន៍ថា ទោះបីជាមានការកើនឡើងថ្លៃបន្តិចបន្តួច ដោយសារការកែទម្រង់ផ្លូវដែកក៏ដោយ ក៏រដ្ឋាភិបាលបានគ្រប់គ្រងកាត់បន្ថយវា បន្ទាប់ពីក្រសួងហិរញ្ញវត្ថុ ក្រសួងដឹកជញ្ជូន និងក្រសួងការងារបានធ្វើកិច្ចចរចាគ្នា។
កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Anthony Loke ធ្លាប់បានបញ្ជាក់ថា ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតសកលថ្មីៗនេះក៏ដោយ ប៉ុន្តែគម្រោងECRL នឹងបន្តដំណើរការ ដោយគ្មានការផ្លាស់ប្តូរអ្វីទាំងអស់៕
