ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាភ្នាក់ងារអចលនទ្រព្យអាជីពធម្មតា រហូតក្លាយជាឧកញ៉ានិងទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានចែករំលែកនូវគន្លឹះខ្លះៗ ដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យនេះ។
លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មានត្រឹមភាពអំណត់ ស្មោះត្រង់ និងការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន វាជាកត្តាសំខាន់ ក្នុងការងារជាភ្នាក់ងារលក់អចលនទ្រព្យ ប៉ុន្តែនៅមិនទាន់ប្រាកដថា អាចទទួលបានជោគជ័យលើការលក់១០០ភាគរយនៅឡើយនោះទេ។
-->
លោកឧកញ៉ាថា អ្នកដែលជាភ្នាក់ងារលក់អចលនទ្រព្យ អាចទទួលបានអត្រាជោគជ័យខ្ពស់ និងទទួលបានប្រាក់កម្រៃជើងសារ ពីការលក់ពិតប្រាកដ គឺអ្នកដែលមានភាពវៃឆ្លាតពាក់ព័ន្ធ ទៅនឹងភាពស្គាល់ច្បាស់ចំណុចចំនួន៣ ដូចជា ទី១ ស្គាល់ម្ចាស់ទ្រព្យឬម្ចាស់អចលនវត្ថុផ្ទាល់ ទី២ ស្គាល់ពីអតិថិជនគោលដៅពិតប្រាកដ និងទី៣ អ្វីដែលសំខាន់ចុងក្រោយគឺស្គាល់ច្បាស់ពីតម្លៃទីផ្សារយ៉ាងពិតប្រាកដ។
លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាងបានលើកជាឧទាហរណ៍ថា “ប្រសិនបើភ្នាក់ងារលក់ស្គាល់ម្ចាស់ដី ដែលចង់លក់ដោយផ្ទាល់ ហើយស្គាល់អ្នកទិញពិតប្រាកដដោយផ្ទាល់ដូចគ្នា ដូច្នេះឱកាសនៃការណែនាំលើការទិញ-លក់មានឱកាសលើសពី៥០ភាគរយរួចជាស្រេចហើយ”។ លោកបន្តថា “នៅពេលដែលបានស្គាល់ពីតម្លៃទីផ្សារយ៉ាងច្បាស់ រឹតតែជាចំណុចសំខាន់ ដែលអាចជួយចរចាភាគីទាំង២ងាយចុះសម្រុង និងអាចទទួលបានផលប្រយោជន៍គ្រប់ភាគីបានក្នុងរយៈពេលដ៏ខ្លី”។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា បើគ្រាន់តែឮគេប្រាប់ថា មានគេចង់លក់ដីតំបន់នេះ ទាំងដែលដីមិនទាន់បានឃើញ មិនបានស្គាល់ម្ចាស់ពិត ហើយរឹតតែមិនបានស្គាល់អតិថិជនគោលដៅទៀត។ ដូច្នេះការណែនាំលើការទិញលក់ គ្មានភាគរយខ្ពស់នោះទេ ហើយប្រសិនបើមិនបានដឹង ពីតម្លៃទីផ្សារក្នុងតំបន់ច្បាស់ទៀត នោះភាពបរាជ័យនឹងរំកិល មកជិតខ្លួនជាក់ជាមិនខាន ឬអាចនិយាយបានការព្យាយាម បានត្រឹមចំណាយពេលឥតប្រយោជន៍។
លោកបន្តថា នេះមានន័យថា នៅពេលអ្នកមិនបានស្គាល់ទ្រព្យដែលចង់លក់ផ្ទាល់ ពោលគឺដឹងតាមគេប្រាប់នោះ អ្នកនឹងមិនអាចបានដឹងពីតម្លៃដែលម្ចាស់ចង់លក់ពិត ដែលអាចឆ្លងកាត់កម្រៃជើងសារមួយតង់ពីអ្នកប្រាប់ ហើយប្រសិនបើអ្នកមិនបានស្គាល់ ពីតម្លៃលើទីផ្សារក្នុងតំបន់ រឹតតែពិបាកក្នុងការណែនាំភ្ញៀវថែមទៀត ដែលកាន់តែធ្វើភាគរយទទួលបានជោគជ័យឃ្លាតទៅកាន់តែឆ្ងាយ។
លោកឧកញ៉ាបន្តថា “ជាធម្មតាអ្នកលក់ចង់បានតម្លៃថ្លៃ អ្នកទិញចង់បានតម្លៃទាបជាងទីផ្សារ ដូច្នេះភាគរយនៃការចរចា នឹងមិនអាចត្រូវគ្នានោះឡើយ។ នេះហើយជាកត្តានាំឲ្យកើត មានភាពបរាជ័យរបស់ភ្នាក់ងារអចលនទ្រព្យ”៕
