លោកឧកញ៉ាឃាង ពុទ្ធីៈ ស្ថានភាពអចលនទ្រព្យចុងឆ្នាំ២០២៣អាចវិលទៅរកសម័យកាលមុនវិបត្តិកូវីដ១៩

0

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេល៣ឆ្នាំហើយ ដែលស្ថានភាពអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា បានជួបប្រទះនឹងបញ្ហាលើទីផ្សារ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ និងវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប៉ុន្តែអ្នកជំនាញនៃវិស័យអចលនទ្រព្យ លោកឧកញ៉ាឃាង ពុទ្ធីបានមើលឃើញថា ស្ថានភាពអចលនទ្រព្យនៅឆ្នាំនេះ គឺជាសញ្ញាល្អសម្រាប់ឆ្នាំក្រោយ ហើយនៅចុងឆ្នាំ២០២៣ វិស័យនេះនឹងវិលទៅរកស្ថានភាពដូចនឹងមុនវិបត្តិឡើងវិញ។

លោកឃាង ពុទ្ធីប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យបានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ក្នុងស្រុកឱ្យដឹងថា ស្ថានភាពនៃវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានឹងវិលរកភាពប្រក្រតីឡើងវិញ ពោលគឺដូចនឹងស្ថានភាព មុនកូវីដ១៩នៅចុងឆ្នាំ ២០២៣ខាងមុខនេះ ។

លោកបន្តថា អ្វីដែលលោកអះអាងដូចនេះ ដោយសារហេតុផលមួយចំនួនដូចជា ទី១ យើងបានមើលឃើញថា ជំងឺកូវីដ១៩សឹងតែបាត់ទៅវិញហើយមកដល់បច្ចុប្បន្ននេះ ហើយវាក៏ត្រូវបានគេចាត់ទុក ដូចជា ជំងឺផ្ដាសា​យធម្មតា ។ អ្វីដែលពិសេសបណ្ដាប្រទេសមួយចំនួន ក៏បានចាត់ទុកជំងឺនេះជាជំងឺធម្មតា នឹងស៊ាំជាមួយជំងឺនេះទៅហើយ ។ ទី២ យើងរំពឹងថាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបញ្ចប់នៅឆ្នាំ២០២៣ ហើយនឹងធ្វើឱ្យវិនិយោគិនបរទេស អាចធ្វើដំណើរចេញចូលស្វែងរក ការវិនិយោគឡើងវិញផងដែរ”។​លោកបន្តថា “នៅពេលសង្គ្រាមត្រូវបានបញ្ចប់ វិស័យថាមពលអន្តរជាតិ ចំណីអាហារ ឥន្ធនៈក៏នឹងវិលទៅរកតម្លៃដូចធម្មតាឡើងវិញ”។

លោកឧកញ៉ាឃាង ពុទ្ឋីបានបន្ថែមថា នៅឆ្នាំ ២០២៣ខាងមុខនេះដែរ ក៏ជាឆ្នាំ ដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសតំណាងរាស្ត្រ ហើយក្រោយការបោះឆ្នោតរួចស្ថានភាព នៃការវិនិយោគក៏នឹងប្រសើរឡើងដូចគ្នា ពីព្រោះថាជាទូទៅទាំងប្រជាជនកម្ពុជា និងវិនិយោ​គិនតែងតែរងចាំមើលពីការបោះឆ្នោត តែសម្រាប់លោកគិតថា ដោយសារតែកម្ពុជាយើងជាប្រទេស ដែលមានអ្នកនយោបាយចាស់ទុំច្រើន ដូច្នេះស្ថេរ​ភាពនយោបាយក៏នឹងល្អប្រសើរក្រោយការបោះឆ្នោត ។

លោកពុទ្ធីបានបញ្ជាក់ផងដែរថា ការទិញដីនៅក្នុងដំណាក់កាលនេះ មិនថាអ្នកមានលុយច្រើន ឬអ្នកទិញដើម្បីទុកវិនិយោគក្ដី គួរមានការប្រយ័ត្នប្រយែងបន្តិច ពីព្រោះស្ថានភាពពេលនេះ វាមិនដូចនឹងស្ថានភាពមុនទេ។

លោកពន្យល់ថា ពីមុនដីធ្លីមានតម្លៃទាប ការទិញដីទុកចំណេញនៅមានឱកាសខ្ពស់ តែពេលនេះតម្លៃដីធ្លីបានឡើងខ្ពស់ហើយ ហើយបើទោះ​បីជាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិក្ដី ក៏តម្លៃដីធ្លីអត់មានធ្លាក់ចុះទេ មានតែបន្តឡើង។ ដូច្នេះហើយការទិញដីទុកចោល ដើម្បីយកចំនេញមិនធ្វើអ្វីសោះគួរមានការគិតគូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here