ដោយ: លាងហួរ
តូក្យូ: ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសឧស្សាហកម្ម ទាំង៧(G7) បានសន្យាផ្តល់ប្រាក់ រហូតដល់៣២ពាន់លានដុល្លារ នៅឆ្នាំក្រោយ ដើម្បីជួយអ៊ុយក្រែនដោះស្រាយ ជាមួយនឹងសង្គ្រាមឈ្លានពានដ៏យូររបស់រុស្ស៊ី។
ក្រុមរដ្ឋមន្ត្រីប្រទេសទាំង៧ បានជួបប្រជុំគ្នាតាមវីដេអូZoom ដោយបានបញ្ជាក់ថា G7 នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុរយៈពេលខ្លីបន្ទាន់របស់អ៊ុយក្រែន។
-->
ថវិកាចំនួន៣២ពាន់លានដុល្លារនេះ នឹងអនុញ្ញាតឱ្យទីក្រុងគៀវ បន្តការផ្តល់សេវាមូលដ្ឋាន អនុវត្តន៍ការជួសជុលដ៏សំខាន់បំផុត និងស្ថិរភាពសេដ្ឋកិច្ច ។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសG-7 បានរិះគន់រុស្ស៊ី ចំពោះការវាយប្រហារផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ុយក្រែន និងបានឯកភាពគ្នាបង្កើនការគាំទ្រ ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន ក្នុងការស៊ូទ្រាំនឹងរដូវរងាដ៏អាក្រក់នេះ។

តាមរយៈសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Annalena Baerbock បានបញ្ជាក់ថា ការវាយប្រហារដ៏ធំ និងដោយចេតនារបស់រុស្ស៊ី ដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើករបស់អ៉ីរ៉ង់ បានធ្វើឱ្យប្រជាជនអ៊ុយក្រែន រាប់លាននាក់រស់នៅក្នុងភាពងងឹត និងរងាខ្លាំង។
ប្រទេសអាល្លឺម៉ង់ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូ មុនពេលដែលតំណែងជាប្រធានប្តូរវេនរបស់ G-7 នឹងត្រូវផ្ទេរទៅឱ្យប្រទេសជប៉ុន ក្នុងខែមករាខាងមុខ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានថ្លែងប្រាប់កិច្ចប្រជុំថា វាជារឿងសំខាន់សម្រាប់G-7 ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ស្របពេលដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ី កំពុងបន្តអូសបន្លាយពេល។
ក្រុមរដ្ឋមន្ត្រីការបរទេស G-7 ក៏បាន ថ្កោលទោសយ៉ាងខ្លាំង ដល់រដ្ឋាភិបាលតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចំពោះការសម្រេចចិត្តនាពេលថ្មីៗនេះ ក្នុងការរារាំងស្ត្រីពីការចូលរៀន នៅសាកលវិទ្យាល័យផងដែរ៕
