ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ តំបន់ប៉ែកខាងកើតរាជធានីភ្នំពេញមួយចំនួន ដូចជា តំបន់អរិយក្សត្រ វិហារសួគ៌ ល្វាឯម ជាដើម ចាប់ផ្ដើមទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនបណ្ដើរៗហើយ ដោយមានអ្នកអភិវឌ្ឍន៍មួយចំនួនបានបង្វែរទិសដៅ នៃការអភិវឌ្ឍរបស់ខ្លួន ទៅកាន់តំបន់ប៉ែកខាងកើត ក្រោយពីគម្រោងធំៗរបស់រដ្ឋបានប្រកាសសាងសង់។
ជាការកត់សម្គាល់ យើងបានឃើញថាមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយចំនួនបានចាប់ផ្ដើមធ្វើសកម្មភាពការអភិវឌ្ឍគម្រោងរបស់ខ្លួន នៅប៉ែកខាងកើតភ្នំពេញ ទាំងគម្រោងដីឡូត៏ និងគម្រោងអភិវឌ្ឍន៍លំនៅឋាន។
-->
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានឱ្យដឹងថា តំបន់ប៉ែកខាងកើតនឹងទទួលបាននូវការវិនិយោគបន្ថែម ជាពិសេសទៅលើលំនៅឋាន ខណៈតំបន់នៃអរិយក្សត្រ និងល្វាឯម មិនទាន់មានការលំនៅឋានច្រើននៅឡើយទេ ដូច្នេះ នៅពេលមានតភ្ជាប់ពីស្ពានពីភ្នំពេញ ទៅកាន់តំបន់នោះ នឹងជំរុញឱ្យប្រជាពលរដ្ឋទៅរស់នៅតំបន់នោះកាន់តែច្រើន។
លោកបន្តថា “អ្វីដែលត្រូវអភិវឌ្ឍន៍មុនគេនៅតំបន់នោះ គឺហេដ្ឋារចនាសម្ព័ន្ធ ហើយនៅពេលមានហេដ្ឋារចនាសម្ព័ន្ធ ពេលនោះនឹងមានក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ចូលទៅកាន់ទីតាំងនោះបន្តបន្ទាប់។ លោកថា”តំបន់នេះនឹងកាន់តែមានភាពអ៊ូអរ នៅពេលស្ពានសង់រួច ពីព្រោះការធ្វើដំណើរចេញចូលរាជធានីភ្នំពេញ នឹងកាន់តែងាយស្រួល”។
លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែន ក៏បានឱ្យដឹងថា មួយរយៈចុងក្រោយឃើញថា មានវិនិយោគិនក្នុងស្រុកមួយចំនួន ហាក់បានបង្វែរទិសមកកាន់តំបន់ប៉ែកខាងកើត នៃរាជធានីភ្នំពេញ ដោយក្នុងនោះ មានទាំងការអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍលំនៅឋានដីឡូត៏ជាដើម ។

លោកបន្តថា នៅពេលឆាប់ៗនេះការអភិវឌ្ឍនៅតំបន់ប៉ែកខាងកើតនឹងកាន់តែស្ទុះខ្លាំង ហើយតម្លៃដីធ្លីក៏នឹងកើនឡើងខ្ពស់ជាង បច្ចុប្បន្ននេះផងដែរ ជាពិសេសនៅពេលស្ពានចាប់ផ្ដើមតភ្ជាប់ និងនៅពេលស្ពានតភ្ជាប់រួច។
លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងស្ពានថ្មីមួយតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវស្រុកល្វាឯមនឹងអាចបើកការដ្ឋានសាងសង់ដំណាលគ្នា នឹងផ្លូវល្បឿនលឿនភ្នំពេញ ហើយនឹងត្រូវរួចរាល់ នៅពេលផ្លូវល្បឿនលឿនសាងសង់រួចរាល់ដែរ៕
