ដោយ: លាងហួរ
ហ្សាការតា: រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងបញ្ចេញថវិកាបន្ថែមចំនួន៩៦៣លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍អាទិភាពចំនួន៥ ក្នុងរយៈពេល២ឆ្នាំខាងមុខ។

ដោយ: លាងហួរ
ហ្សាការតា: រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងបញ្ចេញថវិកាបន្ថែមចំនួន៩៦៣លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍អាទិភាពចំនួន៥ ក្នុងរយៈពេល២ឆ្នាំខាងមុខ។

លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងបញ្ចប់ការអភិវឌ្ឍគោលដៅទេសចរណ៍ បឹង Toba នៅកោះស៊ូម៉ាត្រាខាងជើង ប្រាសាទបូរ៉ូប៊ូឌួនៅជ្វាកណ្តាល ទីក្រុងនេសាទ Labuan Bajo នៅភាគខាងកើតខេត្ត Nusa Tenggara ឆ្នេរខ្សាច់ Mandalika នៅភាគខាងលិចខេត្ត Nusa Tenggara និងឆ្នេរខ្សាច់ Likupang នៅភាគខាងជើងខេត្តស៊ូឡាវេស៊ី។
លោក Sandiaga បានថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួលថ្នាក់ជាតិនៅទីក្រុង Toba នៃកោះស៊ូម៉ាត្រាខាងជើងថា “ជាមួយនឹងមូលនិធិបន្ថែមនេះ យើងរំពឹងថាការអភិវឌ្ឍគោលដៅទេសចរណ៍ទាំង៥ នឹងត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំខាងមុខ”។
កិច្ចប្រជុំនេះ ក៏មានការចូលរួម ពីរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក Luhut Panjaitan រដ្ឋមន្ត្រីកំណែទម្រង់រដ្ឋបាល និងការិយាល័យ លោក Abdullah Azwar Anas និងរដ្ឋមន្ត្រីផែនការអភិវឌ្ឍន៍ជាតិ លោក Suharso Monoarfa។
ការអភិវឌ្ឍវិស័យទេសចរណ៍គឺជាផ្នែកមួយ នៃការសន្យារបស់ក្រុមរដ្ឋមន្ត្រីក្នុងការផ្តោតលើការស្តារឧស្សាហកម្មទេសចរណ៍ឡើងវិញ ដែលបានរងគ្រោះដោយជំងឺរាតត្បាត។
លោក Sandiaga បាននិងកំពុងអភិវឌ្ឍគោលដៅទេសចរណ៍“អាទិភាព”ចំនួន៥របស់ប្រទេសឥណ្ឌូនេស៊ី ដែលជួនកាលត្រូវបានគេហៅថា “បាលីថ្មីទាំង៥”តាមការបញ្ជារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jokowi Widodo។

ក្រសួងទេសចរណ៍បានកំណត់គោលដៅទេសចរណ៍ក្នុងស្រុកចំនួន១,២លាន ទៅ១,៤លាននាក់ ក្នុងឆ្នាំ២០២៣ ដោយរៀបចំផែនការព្រឹត្តិការណ៍ទេសចរណ៍បន្ថែមទៀត។
លោករដ្ឋមន្ត្រី Luhut បានព្យាករណ៍ថា សកម្មភាពទេសចរណ៍ នឹងកើនឡើង ខណៈសេដ្ឋកិច្ចឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងជាង៥ភាគរយនៅឆ្នាំ២០២៣ខាងមុខនេះ៕
