ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីទសវត្សរ៍៨០ កម្ពុជាមានអតុល្យភាពចំនួន៤ រួមមាន ទី១ អតុល្យភាព រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង ទី២ អតុល្យភាពរវាងចំណាយ និងចំណូល ទី៣ អតុល្យភាពរវាងការនាំចេញ និងនាំចូល ទី៤ អតុល្យភាពប្រាក់ចំណូល និងការទិញ។
នេះបើយោងតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង រហូតដល់ផ្លូវជាតិលេខ៣ ខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។
-->
សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា “អតុល្យភាពទី១ គឺរវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ គឺវាមានភាពខុសគ្នាពីពេលនេះត្រង់ថា សេចក្តីត្រូវការ និងការផ្គត់ផ្គងនៅពេលនោះ មានតែប៉ុន្មានមុខសំខាន់ទាក់ទងនឹងស្បៀង។ ប្រជាជនកើនឡើង តែស្បៀងមិនកើន ដែលតម្រូវឱ្យជំរុញការផលិតស្បៀង ដើម្បីបំពេញតម្រូវការប្រជាជនយើង។ បើកំណើនប្រជាជន១ភាគរយ នោះស្បៀងកើន៣ភាគរយឯណោះ”។

សម្តេចតេជោ បានបន្តថា “អតុល្យភាពទី២ គឺរវាងចំណាយ និងចំណូលថវិកាជាតិ ដែលកាលនោះ យើងមានតម្រូវការចំណាយច្រើន តែចំណូលមានតិច។ ហើយអតុល្យភាពទី៣ គឺ រវាងការនាំចេញ និងនាំចូល ដែលការនាំចេញតិចតួចណាស់។ អតុល្យភាពទី៤ គឺអតិផរណា ដែលអកម្លាំងទិញនៃប្រាក់រៀលមានតិច”។
សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ អតុល្យភាពទាំងនោះត្រូវបានលុបបំបាត់ហើយ ហើយជំនួសមកវិញនូវតម្រូវការថ្មីផ្សេងទៀត ដូចជា តម្រូវការនៃការសាងសង់ផ្លូវថ្នល់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ផ្លូវថ្នល់ តម្រូវការស្វែងរកទីផ្សារសម្រាប់ការនាំចេញនូវផលិតផល ជាដើម៕
