ដោយៈ គង់ សូរិយា
ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលមានប្រទេស១៥ចូលរួម គឺជាមោទនភាពមួយរបស់កម្ពុជា ក្រោមការផ្តួចផ្តើមរបស់សម្តេចកាលពី១០ឆ្នាំមុន ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
សម្តេចបានលើកឡើងដូច្នេះក្នុងពិធីបើកការដ្ឋានលើកកំពស់គុណភាពផ្លូវលេខ៤១នាព្រឹកថ្ងៃទី២៦ ធ្នូនេះ។
-->
សម្តេចបញ្ជាក់ថា “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដែលមាន១៥ប្រទេសចូលរួម ក៏បានចូលជាធរមាននៅក្នុងឆ្នាំ២០២២ ហើយនេះ ក៏ជាមោទនភាពរបស់កម្ពុជាផងដែរ ដែលការប្រកាសការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះត្រូវបានប្រកាសដោយខ្លួនខ្ញុំផ្ទាល់ ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១២ ហើយវាក៏បានចូលជាធរមាននៅឆ្នាំ២០២២”។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវភាពរីករាយផងដែរ ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េខាងត្បូង។
កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

ជាមួយគ្នានេះ ក៏បានបន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។
RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរីចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។
RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២២០០លាននាក់ ឬ៣០ភាគរយនៃប្រជាជនពិភពលោក និងមានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។
ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងតំបន់ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានទឹកប្រាក់២៤ ០៦៦លានដុល្លារ កើនឡើង១១ភាគរយ៕
