ការជួលអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានឹងអាចវិលទៅរកស្ថានភាព មុនកូវីដក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងអំឡុងនៃវិបត្តិកូវីដ១៩ កាលពីឆ្នាំ២០២០ និងឆ្នាំ ២០២១ ស្ថានភាពនៃវិស័យអចលនទ្រព្យ ជាពិសេសការជួលអចលនទ្រព្យឃើញថា បានថមថយទាំងតម្លៃនិងសកម្មភាព ប៉ុន្តែនៅក្រោយពេលរដ្ឋាភិបាលបានបើកប្រទេសកាលពីចុងឆ្នាំ ២០២១ឃើញថាស្ថានភាពបានប្រសើរឡើងវិញ។

នៅក្នុងឆ្នាំ២០២២នេះឃើញថា ការជួលក៏មានភាពប្រសើរច្រើន និងអាចបន្តកើនឡើងនៅឆ្នាំក្រោយបន្តទៀត ហើយវាត្រូវការពេលប្រមាណពីរទៅបីឆ្នាំ ដើម្បីបានវិលទៅរកស្ថានភាពមុនកូវីដ១៩។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានបង្ហាញថា ថ្វីត្បិតតែសកម្មភាពនៃការជួលអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរជាងឆ្នាំ២០២១ និង២០២០ក្ដីតែតម្លៃ នៅមិនទាន់បានប្រសើរឡើងនៅឡើយទេ ជាពិសេសនៅមិនទាន់បានវិល ទៅរកស្ថានភាពដូចមុនកូវីដ១៩នៅឡើយ  ។

លោកនាក់ សមសែន នាយកប្រតិបត្តិនៃក្រុមហ៊ុនRent Kh បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៦ ធ្នូ២០២២នេះ ថា បើយើងក្រលេកទៅមើលស្ថានភាពអចលនទ្រព្យទាំងមូល នៅក្នុងប្រទេសកម្ពុជា ឃើញថាទីផ្សារមានភាពល្អប្រសើរជាងមុនហើយ ប៉ុន្តែស្ថានភាពទីផ្សារវាមិនទាន់ដូចអ្វីនៅគ្រាមុនកើតកូវីដ១៩នៅឡើយទេ ។

លោកបន្តថា ការផ្គត់ផ្គង់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានៅតែបន្តទោះបីជាមានកូវីដ១៩ក្ដី ជាក់ស្ដែងក្នុងអំឡុងនោះការសាងសង់នានានៅតែបន្ត  ខណៈការតម្រូវការបានថមថយ ធៀបនឹងមុនកូវីដ១៩ ហើយមកដល់បច្ចុប្បន្ននេះ បានកើនឡើងបន្តិច តែក៏ស្ថិតនៅក្រោមមុនវិបត្តិដដែ​ល”។

លោកបន្តទៀតថា ស្ថានភាពអចលនទ្រព្យការជួលអចលនទ្រព្យ ដូចជាខុនដូ អាផាត់មិន គឺពឹងលើសេដ្ឋកិច្ចសកលលោក រួមទាំងសេដ្ឋកិច្ចកម្ពុជាផងដែរ ។ បើសិនសេដ្ឋកិច្ចសកលលោក បានប្រសើរឡើងលឿននោះ ទីផ្សារជួលអចលនទ្រព្យ ក៏នឹងឡើងលឿនវិញដែរ ប៉ុន្តែបើតាមការប្រមើល មើលរបស់លោកអាចថា ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ ទីផ្សារមួយនេះនឹងអាចដូចមុនកូវីដ១៩វិញហើយ ។

ជាមួយគ្នានេះ លោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodia បានលើកឡើងនាពេលថ្មីៗនេះថា ស្ថានភាពទិញលក់ខុនដូ ក៏ដូចជា ការជួលនោះ ហាក់មានភាពប្រសើរឡើងវិញហើយ ហើយវាក៏ជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារមួយនៅក្នុងឆ្នាំ ២០២៣ខាងមុខ។ អ្វីដែលពិសេសនោះ ជនបរទេសចូលមកកម្ពុជា ក៏ចាប់ផ្ដើមមានជាបន្តបន្ទាប់ បើទោះបីជាមិនច្រើនដូចមុនកូវីដ១៩ក៏ដោយ ។

លោកបន្តថា ជាទស្សនរបស់លោកផ្ទាល់ ទីផ្សារមួយនេះបើសិនជាងើបឡើងវិញ អាចនឹងងើបឡើងខ្លាំងជាមុនកូវីដ១៩ទៅទៀត ព្រោះថារយៈពេលជាង២ឆ្នាំមកហើយ ដែលទីផ្សារនេះនៅទ្រឹង។ ដូច្នេះនៅពេលមានសកម្មភាពវានឹងស្ទុះខ្លាំងតែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here