ដោយៈ សុផារី
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជាង១៦លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។
យោងតាមការប្រកាសផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
-->
ទី១ ក្រុមហ៊ុនQUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។

ទី២ ក្រុមហ៊ុនCHUANGJU PLASTICS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។
ទី៣ ក្រុមហ៊ុនTB PACKAGING (CAMBODIA) CO., LTD. គម្រោងបង្កើត រោងចក្រផលិតផលិតផលធ្វើពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៨០នាក់។
ទី៤ ក្រុមហ៊ុនVP PRINTING AND PACKAGING CO., LTD. គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូលយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ១,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៦០នាក់៕
