ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ក្រោយការប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច និងអាជីវកម្មឡើងវិញ សកម្មភាពអាជីវកម្មមួយចំនួនបានប្រសើរឡើងវិញ ជាពិសេសនៅក្នុងឆ្នាំ២០២២នេះ និងអាចបន្តល្អប្រសើរបន្ថែមទៀតនៅឆ្នាំក្រោយៗ។ ក្នុងនោះ អចលនទ្រព្យ៣ប្រភេទត្រូវបានកត់សម្គាល់ឃើញថា មានការជួលឡើងវិញនៅឆ្នាំនេះ និងឆ្នាំក្រោយ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យផ្នែកជួល បានឱ្យដឹងថា អចលនទ្រព្យ៣ប្រភេទ ដែលមើលឃើញមានការជួលឡើងវិញក្នុងឆ្នាំនេះ និងអាចបន្តល្អនៅឆ្នាំក្រោយ មានសេវាកម្មអាផាតមិន ផ្ទះអាជីវកម្ម និងឃ្លាំងសម្រាប់ស្តុកទំនិញ។
-->
លោក នាក់ សមសែន នាយកប្រតិបត្តិនៃក្រុមហ៊ុន RENT KH បានលើកឡើងថា “នៅក្នុងឆ្នាំ២០២២នេះ យើងឃើញថាភ្ញៀវទេសចរបរទេស និងពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បានចូលមកកម្ពុជា ហើយក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងប្រទេស ពួកគេចូលចិត្តស្នាក់នៅអាផាត់មិន ដូច្នេះហើយទើបអាផាត់មិនមានសកម្មភាពជួលឡើងវិញបានខ្លះៗ ក្នុងឆ្នាំ២០២២ និងបន្តកើនឡើងនៅឆ្នាំ២០២៣ខាងមុខទៀត”។

លោកបានឱ្យដឹងថា សម្រាប់ផ្ទះអាជីវកម្មវិញ ក៏មានការជួលច្រើនគួរសមដែរ ក្នុងឆ្នាំ២០២២ ដែលជាសញ្ញាបន្តទៅកាន់ឆ្នាំថ្មីខាងមុខនេះ អាចនឹងធ្វើឱ្យវាកាន់តែមានតម្រូវការ។
លោកបន្តថា “អចលនទ្រព្យមួយប្រភេទទៀត ដែលមានតម្រូវការជួលឡើងវិញក្នុងឆ្នាំនេះគឺ ឃ្លាំងសម្រាប់ស្តុកទំនិញ។ ឃ្លាំង គឺសំបូរអ្នកជួល នៅក្រោយវិបត្តិកូវីដ១៩ ដោយសារតែអ្នករកស៊ីចាប់ផ្ដើមនាំចេញនាំចូលឥវ៉ាន់ ដូច្នេះពួកគាត់ត្រូវការឃ្លាំងច្រើន”។
លោកថា ”អ្នកវិនិយោគត្រូវការជួលឃ្លាំងនៅទីតាំងណា ដែលមានផ្លូវចេញចូលធំ ដើម្បីឱ្យរថយន្តដឹកទំនិញងាយស្រួល ក្នុងការដឹកទំនិញចេញ និងចូលដាក់ក្នុងឃ្លាំង”។
របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ការជួលទីតាំងលក់រាយ នៅក្នុងរយៈពេលជិត១ឆ្នាំនៃ២០២២នេះ មានកំណើនវិជ្ជមានឡើងវិញ ដែលវាអាចនឹងជាសញ្ញាប្រសើរនៅឆ្នាំខាងមុខ ស្របនឹងកំណើនភ្ញៀវទេសចរក្នុងស្រុកក៏ឃើញថា មានសកម្មភាពជាង២ឆ្នាំកន្លងមកដែរ។
យ៉ាងណាក្ដី បើតាមអ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃCBRE Cambodia ឱ្យដឹងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា នៅតែបន្តពឹងលើបរទេស ដែលជាការវិនិយោគធំ។ បើសិនជាឆ្នាំ២០២៣ វិនិយោគិនបរទេស ក៏ដូចជាជនបរទេសជាទេសចរចូលមកច្រើន វាជាសញ្ញាល្អ នឹងអាចជំរុញឱ្យវិស័យអចលនទ្រព្យកើនឡើងបន្ថែមទៀត៕
