ដោយៈ សុខុម
អន្តរជាតិ: រូបិយប័ណ្ណ និងផ្សារហ៊ុនអាស៊ី ភាគច្រើនបានហក់ឡើងថ្លៃខ្ពស់កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ដោយប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងពេល៦ខែមកនេះ។
ជាមួយគ្នានេះ ទីផ្សារភាគហ៊ុនចិនក៏បានហក់ឡើងថ្លៃដែរ បន្ទាប់ពីប្រទេសនេះ ប្រកាសបន្ធូរវិធានការតម្រូវឱ្យធ្វើចត្តាឡីស័ក។
-->
ប្រាក់វ៉ុនរបស់ប្រទេសកូរ៉េខាងត្បូង បានឡើងថ្លៃ០,៦% ខណៈភាគហ៊ុនគោលក្នុងប្រទេសនេះ បានហក់ឡើងថ្លៃ០,៥%។ ទន្ទឹមនឹងនេះ ផ្សារហ៊ុនក្រុងសៀងហៃ ក៏បានកើនឡើងថ្លៃប្រមាណ០,៩%ផងដែរ។

ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតនៅអាស៊ី និងធំបំផុតទី២ ក្នុងពិភពលោកបានប្រកាសថា ខ្លួននឹងឈប់តម្រូវឱ្យអ្នកធ្វើដំណើរ ចូលទឹកដីរបស់ខ្លួន ធ្វើចត្តាឡីស័កទៀតហើយចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ហើយនឹងកាត់បន្ថយគោលនយោបាយ គ្រប់គ្រងកូវីដ-១៩ របស់ខ្លួន ខណៈជំងឺកូវីដ-១៩ មិនសូវកាចសាហាវដូចមុន។
ចំណុចនេះហើយដែលធ្វើឱ្យរូបិយប័ណ្ណ និងភាគហ៊ុនអាស៊ី ភាគច្រើនហក់ឡើងថ្លៃ ដោយសារតែមានក្ដីសង្ឃឹមថា កំណើនសេដ្ឋកិច្ចនឹងកើនឡើងកាន់តែលឿន។
លោក Moh Siong Sim អ្នកជំនាញខាងយុទ្ធសាស្រ្តប្តូររូបិយប័ណ្ណបរទេសនៅធនាគារសិង្ហបុរី (Bank of Singapore) លើកឡើងថា “យើងបានមើលឃើញបណ្ដារូបិយប័ណ្ណអាស៊ី ហក់ឡើងថ្លៃបន្តិច ដោយសារចិន បើកប្រទេសឡើងវិញ”។
អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “យើងមើលឃើញកាន់តែច្បាស់ថាការបើកប្រទេសចិនឡើងវិញ គឺជាសញ្ញាបង្ហាញថាវិបត្តិកូវីដ-១៩ ជិតដល់ទីបញ្ចប់ហើយ ហើយខ្ញុំយល់ថា យើងកំពុងដើរក្នុងទិសដៅដ៏ត្រឹមត្រូវសម្រាប់រយៈពេលមធ្យម”៕ The Edge Markets៕
