អ្នកឧកញ៉ាគួច ម៉េងលីនឹងបោះផ្សាយលក់មូលបត្រAISនៅដើម ត្រីមាសទី២ ឆ្នាំ២០២៣

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ប្រធានអគ្គនាយកនៃក្រុមហ៊ុនម៉េង លី ជេ គួច អេឌូខេសិន អ្នកឧកញ៉ាគួច ម៉េងលីនឹងបោះផ្សាយលក់មូលបត្រស្ថាប័នអប់រំនេះ ដើម្បីពង្រីកការប្រមូលទុន ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។

អ្នកឧកញ៉ាគួច ម៉េងលីបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី២៧ ធ្នូកន្លងមកថា បច្ចុប្បន្នសាលាAIS និងវិទ្យាស្ថានភាពសាបរទេសAIIមានសាខាចំនួន១៧កន្លែង ប៉ុន្តែយើងមានគោលដៅពង្រីកទៅកាន់គ្រប់រាជធានី ខេត្តឲ្យបានចចំនួន១៥៧សាខា ដើម្បីផ្តល់នូវសេវាកម្មអប់រំប្រកបដោយគុណភាព សម្រាប់សិស្សានុសិស្សកម្ពុជា។

អ្នកឧកញ៉ាបានបន្តថា “ការបោះលក់មូលបត្ររបស់យើង ដើម្បីពង្រីកទុនយកមកសាងសង់អាគារសិក្សា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មាតា បិតា ដែលចង់ឲ្យបុត្រធីតារបស់ខ្លួនបានសិក្សានៅសាលានេះ”។ អ្នកឧក​ញ៉ា​បានបន្ថែមថា “ឪពុក ម្តាយ មាតាបិតា អាណាព្យាបាលអាចចូលរួមទិញភាគហ៊ុនរបស់AIS ដើម្បីចូលរួមអភិវឌ្ឈន៍វិស័យអប់រំនៅកម្ពុជា ព្រោះធន​ធានមនុស្សដើរតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ”។

អ្នកឧកញ៉ាគួច ម៉េងលីបានបន្តទៀតថា បច្ចុប្បន្នAIS និងAIIមានសិស្សានុសិស្ស កំពុងសិក្សាពីកម្រិតមតេយ្យដល់ថ្នាក់ទី១២ ចំនួនជាង២០,០០០នាក់នៅគ្រប់សាខាទាំង១៧ ហើយយើងកំពុងពង្រីកគោលដៅឲ្យសិស្សានុសិស្សកម្ពុជាកាន់តែច្រើន បានទទួលការបណ្តុះបណ្តាលនៅទីនេះ។

អ្នកឧកញ៉ាបានបន្តថា ជាមួយការពង្រឹងគុណភាពនៃការអប់រំ សាលាបានបន្តពង្រីក និងពង្រឹងសមត្ថភាពរបស់គ្រូ តាមរយៈសិក្ខាសាលា និងវគ្គ​បំពាក់បំប៉នជាច្រើនទៀត ដើម្បីឲ្យគ្រូមានគរុកោសល្យក្នុងការបង្រៀនផង មានចំណេះដឹងទូលំទូលាយ ក្នុងការបញ្រ្ជាបចំណេះដឹងទៅកាន់សិក្សានុសិស្សផង។

អ្នកឧកញ៉ាបានបន្តថា “គ្រូពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការបញ្រ្ជាបចំណេះដឹងដល់សិស្ស ព្រោះប្រសិនជាគ្រូគ្មានគរុកោសល្យ គ្មានចំណេះដឹងទូលំទូលាយ ក៏មិនអាចចែកចំណេះដឹងដល់សិស្សរបស់ខ្លួនបានល្អនោះទេ”។

ជាមួយគ្នានេះ អ្នកឧកញ៉ាគួច ម៉េងលីបានកោតសរសើរដល់រាជរដ្ឋាភិ​បាល ពិសេសរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ដែលបានកែទម្រង់ប្រព័ន្ឋអប់រំបានយ៉ាងប្រសើរ ប៉ុន្តែអ្នកឧកញ៉ាបានលើកទឹកចិត្តឲ្យមានការកែទម្រង់ច្រើនថែមទៀត ពិសេសក្នុងកម្រិតឧត្តមសិក្សា។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារហ៊ុនកម្ពុជា លោ​កហុង សុហួរបានមានប្រសា​សន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គម​នារសៀលថ្ងៃទី២៨ ធ្នូនេះថា និយ័តករមូលបត្រកម្ពុជា បានទទួលសំណើររបស់អ្នកឧកញ៉ារួចហើយ ប៉ុន្តែមិនទាន់បានបញ្ចប់តាមនិតិវិធីនៅឡើយទេ ដោយក្រុមមន្រ្តីកំពុងប្រមូ​លឯកសារបន្ថែម ដើម្បីបំពេញតាមនិតិវិធីរបស់ផ្សារហ៊ុន ដើម្បីអាចឲ្យក្រុមហ៊ុន ចាប់ផ្តើមបោះផ្សាយលក់មូលបត្រជាផ្លូវការបាន។

លោកបន្តថា “ការងារនេះកំពុងរៀបចំ ហេតុនេះការបោះផ្សាយមូលបត្របានលឿនឬយឺត អាស្រ័យលើការរៀបចំឯកសារ ពីក្រុមហ៊ុនបានរួចរាល់និងទាន់ពេលវេលា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here