ខេត្តនិងក្រុងចំនួនពីរស្រូបយកចំណែកទីផ្សារខុនដូប្រទេសថៃលក់ដល់ជនបរទេសច្រើនជាងគេ

0

ដោយ: លាងហួរ

បាងកក:  យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ របស់ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (REIC) បានឱ្យដឹងថា ក្រុមជនបរទេសភាគច្រើនបានទិញខុនដូនៅក្នុងខេត្តចំនួន២ នៅក្នុងប្រទេសថៃ រួមមាន ក្រុងបាងកក និងខេត្តឈុនបុរី ។

របាយការណ៍បានឱ្យដឹងថា ខុនដូចំនួន៣.៣២៥យូនីត នៅក្នុងខេត្តបាងកក ត្រូវបានលក់ទៅឱ្យជនបរទេស ឬស្មើនឹង៤៥,៦ភាគរយ នៃចំនួនខុនដូទាំងអស់ ដែលត្រូវបានលក់ទៅឱ្យជនបរទេស ខណៈខេត្តឈុនបុរីបានកត់ត្រាការលក់ខុនដូចំនួន២.១៥៥យូនីត ឬស្មើនឹង២៩,៦ភាគរយ។

ចំណែក ខេត្ត​ផ្សេង​ៗទៀត​ ដែលមាននៅ​ក្នុង​បញ្ជី ប៉ុន្តែ​មាន​ចំនួន​នៃការលក់ទាប​ជាង​ខេត្ត​កំពូល​ចំនួន​២ខាងលើនេះ រួមមាន ខេត្តសាមុតប្រាកាន ខេត្តភូកេត និង​ ខេត្តឈៀងម៉ៃ។

ទំហំនៃការលក់ខុនដូដល់អតិថិជនបរទេសបានកើនឡើងជាលំដាប់ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប៉ុន្តែវានៅតែទាបជាងកម្រិតមុនជំងឺរាតត្បាត។ ការបើកព្រំដែនឡើងវិញ ការដកការរឹតបន្តឹងជំងឺកូវីដ-១៩ ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក គឺជាកត្តាដែលជំរុញការលក់អចលនទ្រព្យដល់ជនបរទេស។

ធនាគារលំនៅដ្ឋានរដ្ឋាភិបាល បានបន្ថែមថា ប្រភពអតិថិជនបរទេសដ៏ធំបំផុតនៃទីផ្សារខុនដូរបស់ប្រទេសថៃ ភាគច្រើនជាជនជាតិចិន។ ទោះបីជាយ៉ាងនេះក្តី ខណៈប្រទេសចិនមិនទាន់បានបើកដំណើរការឡើងវិញយ៉ាងពេញលេញនៅឡើយ ក្រុមអ្នកលក់អចលនទ្រព្យថៃ ត្រូវតែស្វែងរកអតិថិជនបរទេសពីទីផ្សារដទៃផ្សេងទៀត ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី និងឥណ្ឌា។

និន្នាការទីផ្សារអចលនទ្រព្យសម្រាប់ជនបរទេសនៅឆ្នាំក្រោយ នៅតែត្រូវបានគេមើលឃើញថា អតិថិជនចិនប្រហែលជាមិនមានអំណាចនៃការទិញ ដូចកាលពីមុនឡើយ ក្រោយសេដ្ឋកិច្ចចិនបានធ្លាក់ចុះអស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។ លើសពីនេះទៅទៀត រដ្ឋាភិបាល​ចិន​អាច​ដាក់​ចេញវិធានការ​នានា ដើម្បីជំរុញ​ការចំណាយ​ក្នុងស្រុក ជាជាង​ការទិញ​ពី​ក្រៅប្រទេស​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here