ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានអភិវឌ្ឍផ្លូវជាច្រើនខ្សែទៅកាន់ខេត្តកំពត។ ក្នុងនោះ មានផ្លូវជាតិលេខ៣ ដែលសាងសង់រួចរាល់និងបានដាក់ដំណើរការរួចរាល់ហើយ។
ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានពង្រីកនិងលើកកម្រិតគុណភាពនៃផ្លូវមួយចំនួនទៀតទៅកាន់ខេត្តកំពត ដូចជាផ្លូវជាតិលេខ៤១ ផ្លូវលេខ៣១ និងផ្លូវ៣៣ជាដើម។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានថ្លែងថា ការអភិវឌ្ឍផ្លូវទៅកាន់ខេត្តកំពត គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។
-->
ថ្លែងនៅក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវលេខ៣១ និង៣៣កាលពីព្រឹកថ្ងៃទី៣០ ធ្នូ ២០២២ បានមានប្រសាសន៍ថា ខេត្តកំពតមានសក្ដានុពលនិងឧស្សាហកម្មធុនធំៗជាច្រើន ដែលត្រូវការប្រើប្រាស់ផ្លូវជាចាំបាច់។

ជាការកត់សម្គាល់ នៅក្នុងខេត្តកំពត មានរោងចក្រផលិតស៊ីម៉ង់ធំៗដែលមានសមត្ថភាព ក្នុងការផ្គត់ផ្គង់ផលិតផលស៊ីម៉ង់ទៅកាន់ទីផ្សារកម្ពុជានិងបំពេញតម្រូវការលើការសាងសង់សំណង់នៅកម្ពុជា ។
សម្ដេចតេជោបានបន្តថា “ក្រៅរោងចក្រឧស្សាហកម្មធំៗ ខេត្តកំពត និងកែបក៏ជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល និងមានភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើន មកទស្សនា និងកម្សាន្ត។ ដូច្នេះហើយយើងត្រូវតែមានផ្លូវស្អាតផ្លូវធំតភ្ជាប់ពីភ្នំពេញ និងផ្លូវនៅក្នុងតំបន់ក្នុងខេត្តផ្ទាល់តែម្ដង។ ក្រៅពីនេះ កំពតជាខេត្តតែមួយគត់ដែលផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ”។

សម្ដេចតេជោបានបន្ថែមថា កាលពីមុនកម្ពុជាចំណាយលុយតិចតែសង់ផ្លូវឱ្យបានវែង តែមកដល់បច្ចុប្បន្ននេះ ទស្សនមួយនេះ ត្រូវបានផ្លាស់ប្តូរហើយ គឺយើងត្រូវការសាងសង់ផ្លូវ ដែលមានគុណភាពជាងមុន។ ជាក់ស្ដែង ផ្លូវដែលបើកការដ្ឋានលើកកម្រិតគុណភាពទាំង២ខ្សែនេះ មានប្រវែងប្រមាណជាង១០០គីឡូម៉ែត្រ តែត្រូវចំណាយថវិការហូតដល់១២០លានដុល្លារអាមេរិក ដែលជាថវិកាសម្បទានរបស់រដ្ឋាភិបាលប្រទេសចិន។ ផ្លូនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះបន្ថែម ព្រោះនៅពេលមានផ្លូវស្អាតល្អហើយ ការធ្វើដំណើរការក៏លឿនរហ័ស និងអាចចំណាយថវិកាអស់តិច និងពេលវេលាខ្លី៕
