ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសកម្ពុជាបានខិតខំទាក់ទាញវិនិយោគិនថៃឱ្យចូលមកវិនិយោគផ្ទាល់នៅកម្ពុជាកាន់តែច្រើន។ នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ ប្រទេសថៃដាក់គោលដៅពង្រីកទំហំនៃការវិនិយោគមកកាន់ប្រទេសកម្ពុជាឱ្យកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិក។
នេះបើតាមការលើកឡើងរបស់លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ ក្នុងឱកាសជំបូបរវាងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
-->
លោក អានុឆា បានមានប្រសាសន៍ឱ្យដឹងថា លោក ប្រាយុទ្ធ ចាន់អូចា បានជំរុញឱ្យពង្រីកការនាំចេញ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយទទួលស្គាល់ពីភាពជោគជ័យនៃការវិនិយោគរបស់ធុរជនថៃនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។
យោងតាមលោកអានុឆា ប្រទេសថៃគ្រោងនឹងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជាឱ្យឈានដល់ចំនួន១៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តីថៃបានបង្ហើបថា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែវិច្ឆិកាកន្លងមក ប្រទេសកម្ពុជា និងថៃបានព្រមព្រៀងគ្នា លើការបើកដំណើរការស្ពានមិត្តភាពកម្ពុជាថៃ ស្ទឹងបត់-បាណងអៀន បើទោះបីជាការសាងសង់នៅមិនទាន់បញ្ចប់១០០ភាគរយក្តី។ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាច្រកទ្វារអន្តរជាតិថ្មី ដែលនឹងជួយសម្រាលការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត។
លើសពីនេះទៅទៀត ភាគីទាំងពីរក៏ស្នើឱ្យពន្លឿនការសាងសង់ស្ថានីយរថភ្លើងបានក្លងលុក- ប៉ោយប៉ែតផងដែរ។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២២ ការនាំចេញនាំចូលទំនិញរវាងប្រទេសកម្ពុជា និងថៃមានតម្លៃសរុបជិត៤ពាន់លានដុល្លារកើនជាង២១ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕
