សម្តេចតេជោ ហ៊ុន សែនគ្រោងទស្សនកិច្ចនៅក្នុងប្រទេសចិននាពេលឆាប់ៗនេះ

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា សម្តេចតេជោនឹងធ្វើដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសចិន ដែលតាមរយៈដំណើរទស្សនកិច្ចនេះ គម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនៅក្នុងប្រទេសកម្ពុជាគ្រោងនឹងត្រូវចុះហត្ថលេខា រវាងថ្នាក់ដឹកនាំប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះថា គម្រោងទស្សនកិច្ចនេះកំពុងតែត្រូវបានក្រុមការងាររៀបចំហើយ ស្របពេលដែលឆ្នាំ២០២៣នេះ គឺជាខួប៦៥ឆ្នាំនៃទំនាក់ទំនងរបស់ប្រទេសកម្ពុជា-ចិន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា “ខ្ញុំសង្ឃឹមថា នឹងមានឱកាស ដែលកំពុងតែធ្វើការសម្របសម្រួលគ្នា ដើម្បីទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅពេលខាងមុខនេះ”។

សម្តេចតេជោបានថ្លែងបន្ថែមថា រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយមកដល់ពេលនេះចិន ជួយសាងសង់ស្ពានឆ្លងទន្លេសរុប១១ហើយសមិទ្ធផលស្ពាន និងផ្លូវ ដែលចិនជួយ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ។

យោងតាមសម្តេចតេជោ ពេញមួយជីវិតរបស់សម្តេច គឺដៃម្ខាងប្រឹងប្រែងរកសន្តិភាព ការពារសន្តិភាព និងដៃម្ខាងទៀត ត្រូវប្រឹងប្រែងអភិវឌ្ឍប្រទេសបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here