ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ នៅពេលឆាប់ៗនេះ ប្រទេសចិននឹងបើកប្រទេសរបស់ខ្លួនឡើងវិញ និងអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនធ្វើដំណើរចេញក្រៅប្រទេស ដើម្បីធ្វើដំណើរកម្សាន្ត នៅតាមប្រទេសនានាឡើងវិញ។ ទន្ទឹមនឹងនោះ វិនិយោគិនរបស់ចិនក៏នឹងត្រូវចាប់ផ្ដើមធ្វើដំណើរទៅកាន់ប្រទេសទី២ ទី៣ ដើម្បីស្វែងរកការវិនិយោគ។

-->
ក្នុងនោះ ប្រទេសកម្ពុជាក៏នឹងក្លាយជាគោលដៅសំខាន់បំផុតរបស់ទេសចរ និងវិនិយោគិនជនជាតិចិនផងដែរ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះថា យោងតាមស្ថានភាពធូរស្រាល នៃជំងឺកូវីដ១៩នៅលើពិភពលោក និងសមត្ថភាពនៃការគ្រប់គ្រងជំងឺនេះបាន ភាគីចិននឹងបើកទូលាយ ដល់ការចេញចូលភ្ញៀវទេសចរចិន។

លោកបានបញ្ជាក់ថា “ប្រទេសកម្ពុជា នឹងក្លាយទៅជាគោលដៅទេសចរសំខាន់បំផុតរបស់ប្រជាពលរដ្ឋចិន”។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងថា កាលពីមុនកូវីដ១៩ ភ្ញៀវទេសចរចិនចូលមកកម្ពុជាមានចំនួនប្រមាណ២លាននាក់។ នៅពេល ដែលប្រទេសចិនបើកប្រទេសឡើងវិញ និងបើកទូលាយ សម្រាប់ការធ្វើដំណើររបស់ប្រជាជនខ្លួន យើងរំពឹងថា នឹងមានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនប្រមាណជាង២លាននាក់។
សម្ដេចតេជោ មានប្រសាសន៍ថា ការវិលត្រលប់នៃភ្ញៀវទេសចរចិននឹងជួយសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនល្អប្រសើរបន្ថែមទៀត ជាពិសេសជួយជំរុញកំណើនវិស័យទេសចរណ៍របស់កម្ពុជា ឱ្យត្រលប់ទៅរកភាពប្រក្រតី ដូចនឹងមុនកូវីដ១៩ ខណៈវិស័យផ្សេងៗ ដែលរងផលប៉ះពាល់នោះ បានងើបឡើងវិញជាបន្តបន្ទាប់ហើយដែរ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ការបើកប្រទេសរបស់ចិនពិតណាស់ នឹងជះឥទ្ធិពលល្អដល់សេដ្ឋកិច្ចកម្ពុជា ទាំងការវិនិយោគ និងភ្ញៀវទេសចរ។ ប៉ុន្តែ ភ្លាមៗ វាមិនទាន់អាចនឹងល្អនោះទេ ពីព្រោះថាបច្ចុប្បន្ន ក្រោយមានការបើកសាកល្បងក៏ឃើញសន្ទុះនៃការឆ្លងនៅចិនក៏មានចំនួនច្រើន ដូច្នេះនៅពេលចិនគ្រប់គ្រងការឆ្លងបាន ការបើកប្រទេសនឹងទទួលបានជោជ័យ ហើយភ្ញៀវទេសចរ និងការវិនិយោគរបស់កម្ពុជាក៏នឹងមានភាពប្រសើរដែរ៕
