ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជានឹងទទួលបានដំណក់ប្រេងជាលើកដំបូង នៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ខាងមុខនេះ ក្រោមគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងកាតនៅតំបន់ប្លុកA របស់ក្រុមហ៊ុន KRISENERGY ចេញពីដែនសមុទ្ររបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែម បានថ្លែងក្នុងពិធីសំណេះសំណាល និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល និងគណៈកម្មការទី៩ នៃរដ្ឋសភា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា សមិទ្ធផលប្រេងកាត ក្រោយពីបញ្ចូលអាជ្ញាធរប្រេងកាតកម្ពុជា មកស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល ក្រសួងបានបន្តជម្រុញការអភិវឌ្ឍន៍ប្រេងកាត ដោយបានចុះកិច្ចព្រមព្រៀងតំបន់ប្លុកAទៅឲ្យក្រុមហ៊ុន Kris Energy ប្រទេសសឹង្ហបុរី ធ្វើការអភិវឌ្ឍន៍ក្នុងដំណើរការឆ្ពោះទៅផលិតប្រេងឆៅនៅកម្ពុជា។







