ដោយ៖ សហការី
ភ្នំពេញ៖ ក្រុមហ៊ុនសុខាអូតែល ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល នឹងសាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ ដែលព្រះពុទ្ធបដិមានឹងក្លាយជាព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។

-->
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ។
រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្ម ដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយកនៃកម្ពុជា។

ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអុជធូប ថ្វាយគ្រឿងសក្ការៈបូជា ដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើនពីលោកយាយម៉ៅ និងអ្នកតាភ្នំ ស្ថិតនៅក្រុងបូកគោ ខេត្តកំពតផងដែរ។
អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានបញ្ជាក់ថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល៕
