ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ភ្នំពេញជារាជធានីតែមួយគត់របស់ប្រទេសកម្ពុជា និងជាស្នូលសេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលទាក់ទាញ នូវការវិនិយោគការអភិវឌ្ឍ និងប្រជាពលរដ្ឋ មកពីតំបន់នានាចូលមករស់នៅ ។ តាមការព្យាករណ៍របស់រដ្ឋាភិបាលថា នៅឆ្នាំ២០៣៥ នៅភ្នំពេញនឹងបម្រើឱ្យពលរដ្ឋចំនួន៦លាននាក់ ដែលនឹងជំរុញឱ្យរដ្ឋាភិបាលពង្រីកផ្ទៃដី ក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់ ឱ្យបានដល់អង្កត់ផ្ចិត១០០គីឡូម៉ែត្រ ។

-->
នៅក្នុងគម្រោងប្លង់មេ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង្អុលបង្ហាញពីការអភិវឌ្ឍរាជធានីភ្នំពេញបានឱ្យដឹងថាភ្នំពេញ គឺជាប៉ូលសេវាកម្មកណ្ដាលមួយ ក្នុងតំបន់ ដែលប្រមូលផ្ដុំនូវប្រជាជនជាង៦លាននាក់ នៅក្នុងកាំរង្វង់ចំងាយ១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាទីក្រុងបាងកក មានប្រជាជន៩លាននាក់ ទីក្រុងហាណូយមាន៨លាននាក់ ទីក្រុងហូជីមិញមាន៧លាននាក់ ទីក្រុងសិង្ហបុរីមាន៤លាននាក់ និងទីក្រុងកូឡាឡាំពួរមាន៤លាននាក់។
នៅក្នុងគម្រោងប្លង់មេរបស់រាជរដ្ឋាភិបាលក៏បានឱ្យដឹងទៀតថា ការវិនិយោគទុនដើម្បីលើកកម្ពស់ទីក្រុងគឺជាភាពចាំបាច់ និងផ្ដល់ផលប្រយោជន៍ ដល់ទីក្រុង។ រាជធានីភ្នំពេញមានមុខងារ ជារាជធានី ដែលជាទីប្រមូលផ្ដុំនូវសកម្មភាពនយោបាយ និងសេដ្ឋកិច្ច។ ភ្នំពេញក៏ជាកន្លែងប្រមូលផ្ដុំភាពសំបូរបែបធូរធារមួយ តែក៏នៅពឹងផ្អែកយ៉ាងខ្លាំងលើកត្តាខាងក្រៅ ដោយត្រូវដោះស្រាយនូវបញ្ហាធំៗមួយចំនួន ជាពិសេស ការវិនិយោគទុនចាំបាច់ជាច្រើន ដើម្បីផលប្រយោជន៍រួមផង និងដើម្បីជំរុញភាពទាក់ទាញផងដែរ។

ការកើនឡើងនៃចំនួនប្រជាជននៅរាជធានីភ្នំពេញនេះបានជំរុញឱ្យមានតម្រូវការចាំបាច់ សម្រាប់មនុស្សដូចជា លំនៅឋាន សេវាកម្មចាំបាច់នានា។ ហេតុនេះវាជាឱកាសដ៏ល្អសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋាន ទៅកាន់តំបន់ជាយក្រុង និងលំនៅឋាន ដែលមានតម្លៃសមរម្យ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនក្នុងស្រុកបន្ថែមការអភិវឌ្ឍលំនៅឋាន ដែលមានតម្លៃសមរម្យ ជាពិសេសលំនៅឋានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ខណៈលំនៅឋានប្រភេទនេះ ក៏ត្រូវបានរាជរដ្ឋាភិបាល លើកលែងមិនយកពន្ធប្រថាប់ត្រា ឬពន្ធក្នុងការផ្ទេរសិទ្ធិនោះដែរ។
មន្ត្រីជាន់ខ្ពស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកលី រស្មី បានលើកឡើងថា តម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជា។ ជាពិសេស នៅរាជធានីភ្នំពេញនឹងបន្តកើនឡើងជាបន្តបន្ទាប់ ស្របនឹងកំណើនប្រជាពលរដ្ឋ អ្នករៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ជាបន្តបន្ទាប់។ ទាំងនោះហើយ ដែលធ្វើឱ្យតម្រូវការលំនៅឋាននៅតែកើនឡើង ហើយក៏ត្រូវការអ្នកអភិវឌ្ឍន៍លំនៅឋាន សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការ នៅក្នុងប្រទេសកម្ពុជាផងដែរ៕
