អាកាសយានដ្ឋានបរកែវរបស់ប្រទេសឡាវគ្រោងចាប់ផ្តើមបើកដំណើរការនៅខែឧសភាខាងមុខ

0

ដោយ: គង់ លាងហួរ

 

វៀងច័ន្ទ: លោក ភួន ខាំផា ប្រធាន​ព្រលាន​យន្តហោះ​បរកែវ​ បាន​ពិភាក្សាជាមួយ​ក្រុមហ៊ុន GATC Thailand កាលពី​ខែធ្នូ​ នៅ​បរិវេណ​អាកាសយានដ្ឋាន ដោយលោកបាន​បង្ហើប​ថា​ ព្រលានយន្តហោះនេះ នឹង​បើក​ជា​ផ្លូវការ​នៅ​ខែ​ឧសភា​ឆ្នាំ​២០២៣នេះ​។

 

ក្នុងអំឡុងពេលអន្តរកម្មនេះ លោកបណ្ឌិត សិទិផាត មង្គលពិសាខុល ដែលជាអ្នកសម្ភាសន៍ បានពិភាក្សាអំពីវឌ្ឍនភាពរួមនៃការសាងសង់ព្រលានយន្តហោះខេត្តបរកែវ ជាមួយលោក ភួន ខាំផា ផងដែរ។

 

លោក ភួន ខាំផា បាន​បញ្ជាក់​ថា យើងមាន​គម្រោង​ពង្រីក​ ទំហំ​អាកាសយានដ្ឋាន​បរកែវ ពី​ទំហំ​បច្ចុប្បន្ន​ចំនួន៣.២០០ម៉ែត្រ​ រហូតទៅដល់៤០០០ម៉ែត្រ។ អាកាសយានដ្ឋាន​បរកែវ នឹង​អាច​ទទួល​អ្នក​ដំណើរ​ប្រមាណ៥០ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ​ នៅ​ពេល​វាបើក​ដំណើរការ​ ក្នុង​ខែ​ឧសភាខាងមុខ។

 

លោកក៏បានបន្ថែមថា បន្ទាប់ពីគម្រោងពង្រីកនេះត្រូវបានបញ្ចប់ ព្រលានយន្តហោះ នឹងអាចគ្រប់គ្រងចរាចរណ៍អ្នកដំណើរបានរហូតដល់២លាននាក់ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋាន​នេះ​ស្ថិត​នៅ​ចម្ងាយ៥ គីឡូម៉ែត្រ​ ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​បរកែវ និងមានចម្ងាយ៦០គីឡូម៉ែត្រ​ ពី​តំបន់​ Huayxay របស់​ខេត្ត​បរកែវ។

លោក ភួន ខាំផា បានមានប្រសាសន៍ថា បច្ចុប្បន្នអាកាសយានដ្ឋាននេះ កំពុងជួលកម្មករក្នុងស្រុកចំនួន៣០០នាក់ ដើម្បីផ្តល់ឱកាសការងារដល់អ្នក ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍ។

 

គំនិតស្ថាបត្យកម្មរបស់អាកាសយានដ្ឋានគឺផ្អែកលើសត្វហង្ស និងស្លាបរបស់វា ដែលមានកញ្ចក់កែវរាងស្អាត នៅចំកណ្តាល តំណាងឱ្យ “បរកែវ” ដែលមានន័យថា “អណ្តូងកែវ” ហើយសសរ​រចនាសម្ព័ន្ធ​នីមួយៗ​ មាន​រាង​ដូច​គ្នា​នឹង​ផ្កា​អូប៉េរ៉ា។

ស្លាបម្ខាងនៃអាកាសយានដ្ឋាន នឹងត្រូវបានបើកដល់ជើងហោះហើរអន្តរជាតិ ចំណែកស្លាបម្ខាងទៀត គឺបើកសម្រាប់ជើងហោះហើរក្នុងស្រុក។

 

គម្រោងសាងសង់ព្រលានយន្តហោះបរកែវ បានចាប់ផ្តើមនៅឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដំណើរការនេះ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៣នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here