ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនផលិតសំបកកង់ចិន Jiangsu General Science Technology គ្រោងបើករោងចក្រថ្មីរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងឆមាសទី១ នៃឆ្នាំ២០២៣នេះ។
រោងចក្រ General Tire Technology (Cambodia) Co., Ltd. ដែលត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតកម្មនៅក្នុងខែឧសភា ជាមួយនឹងសមត្ថភាពផលិតខ្នងសំបកកង់ចំនួន៥លានគ្រាប់ និងសំបកកង់ចំនួន៩០ម៉ឺនគ្រាប់។
-->
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ នាយកដ្ឋានពាណិជ្ជកម្មខេត្ត Jiangsu បានឯកភាពលើការវិនិយោគ៣០០លានដុល្លារ របស់ក្រុមហ៊ុន Jiangsu General Science Technology Co. Ltd (GS Tire) នៅក្នុងរោងចក្រផលិតសំបកកង់ថ្មី នៅក្នុងប្រទេសកម្ពុជា។

រោងចក្រ Jiangsu General’s Cambodia ដែលជារោងចក្រក្រៅប្រទេសទី២របស់ខ្លួន ដែលបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០២២។ ចំណែករោងចក្រ ក្នុងប្រទេសថៃ របស់ក្រុមហ៊ុនផលិតសំបកកង់នេះ មានសមត្ថភាពផលិតសំបកខ្នងកង់បាន១លានគ្រាប់ និងសំបកកង់ចំនួន៦លានគ្រាប់។
ក្រុមហ៊ុន Jiangsu General ក៏ធ្លាប់បានប្រកាសពីផែនការវិនិយោគ ក្នុងទំហំទឹកប្រាក់១,៣០៤ពាន់លានយន់ (ប្រហែល២០៣,៩៤៧លានដុល្លារ) សម្រាប់សាងសង់គម្រោងផលិតសំបកខ្នងកង់ដែក ដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោងនេះក៏ត្រូវបានគេជឿថា នឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍“ផ្លូវមួយខ្សែក្រវាត់មួយ” របស់ប្រទេសចិនផងដែរ។
បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ(SSEZ) មានរោងចក្រចំនួន១៧០ មកពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ ហើយបានបង្កើតការងារប្រមាណ៣០.០០០កន្លែង សម្រាប់អ្នកក្នុងស្រុក៕
