ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក បានស្នើក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកធុរកិច្ចរបស់ខ្លួនបន្ថែម នៅក្នុងប្រទេសកម្ពុជានិងបានស្នើសុំបញ្ជាទិញទំនិញពីកម្ពុជា បន្ថែមទៀតនៅពេលឆាប់ៗនេះ ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជាក្រោយជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុនWalmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សរដ្ឋអាមេរិក។
-->
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart និងសហការី ដែលបានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្ម នៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជា។

លោកក៏បានជម្រាបអំពីស្ថានភាពល្អប្រសើរ នៃការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឱ្យកម្ពុជាអាចបើកនូវរាល់សកម្មភាពសេដ្ឋកិច្ចឡើងវិញ។ លោកក៏បានផ្តល់នូវបច្ចុប្បន្នភាព នៃសមិទ្ធិផលថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ជាពិសេសការធ្វើពិពិធកម្មទីផ្សារនាំចេញ ដូចជា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា និងការពង្រឹងស្ថាប័ន តាមរយៈការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការបន្តធ្វើទំនើបកម្មសេវាសាធារណៈ និងកិច្ចសម្រួលពាណិជ្ជកម្មនានា សំដៅសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរឡើង។
លោកបានទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា គឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកស្រី Anbinh Phan តំណាងក្រុមហ៊ុនWalmart បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព ក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអបអរសាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។
លោកស្រីក៏បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម៕