អាជីវកម្មកាន់តែច្រើនបានចាប់ផ្ដើមបើកដំណើរការនៅផ្សារទំនើបអ៊ីអន៣

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ អ៊ីអនជាផ្សារទំនើប ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការរបស់ខ្លួន និងបានពង្រីកសាខាជាបន្តបន្ទាប់រហូតដល់៣សាខា ក្នុងរាជធានីភ្នំពេញ។ ជាការកត់សម្គាល់ ផ្សារទំនើបនេះបើកដំណើរការពេលណា មានការគាំទ្រពីពលរដ្ឋកម្ពុជាយ៉ាងផុសផុល ហើយបណ្ដាអាជីវកម្មនានាក៏បានចាប់ផ្ដើមចូលទៅកាន់ផ្សារទំនើបនេះជាបន្តបន្ទាប់ ជាពិសេសផ្សារអ៊ីអនម៉លទី៣។

គិតត្រឹមដើមខែមករា២០២៣នេះ ផ្សារទំនើបអ៊ីអនម៉ល៣ទើបតែបើកដំណើរការបានជាងកន្លះខែប៉ុណ្ណោះ ពោលគឺបានចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ តែការគាំទ្រពីអតិថិជន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទៅលើផ្សារទំនើបមួយនេះមានចំនួនច្រើន។

អ្នកនាង អាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ ថា ម្ចាស់ផ្សារទំនើបនេះមានបទពិសោធន៍ លើអាជីវកម្មផ្សារទំនើបយូរមកហើយ ដូច្នេះ យើងឃើញថា រាល់អាជីវកម្មផ្សារទំនើបរបស់អ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា តែងតែទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា។

អ្នកនាងបន្តថា ម្ចាស់ផ្សារនេះបានដឹង និងបានប្រើយុទ្ធសាស្ត្រ ដើម្បីទាក់ទាញអតិថិជនចូលទៅក្នុងផ្សារច្រើន។ អ្វីដែលពិសេសនោះ គឺគេបានរើសទីតាំងចំកន្លែងត្រឹមត្រូវ ការរចនាសផ្សារទំនើបមានភាពទាក់ទាញ មានចំណតយានយន្តច្រើនទូលាយ ដែលធ្វើឱ្យអតិថិជនងាយស្រួល ក្នុងការចតយានយន្តនិងងាយស្រួល ក្នុងការចេញចូលផ្សារទំនើប។

អ្នកនាងបន្ថែមថា យ៉ាងណាក្ដី ការបើកដំណើរការផ្សារទំនើបថ្មីៗ នៅតំបន់ប៉ែកខាងត្បូងភ្នំពេញនេះនឹងអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មផ្សារទំនើបតូចៗនៅក្នុងតំបន់នោះ។ ផ្សារទំនើបតូចៗទាំងនោះក៏នឹងប្រឈមនឹងបញ្ហាកាន់តែច្រើនផងដែរ ប្រសិនបើគ្មានការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ផ្នែកទីផ្សារ នៃធនាគារអេស៊ីលីដាភីអិលស៊ីក៏បានមានប្រសាសន៍ផងដែរ គ្រប់សាខាផ្សារទំនើបរបស់អ៊ីអនម៉លទាំងបី គឺតែងតែមានសាខារបស់ធនាគារនៅក្នុងនោះផងដែរ ដើម្បីបំពេញតម្រូវការអតិថិជន ដែលដើរកម្សាន្ត និងត្រូវការដក ឬដាក់ប្រាក់ នៅក្នុងធនាគារ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here