ដោយៈ វឌ្ឈនៈ
ភ្នំពេញៈ ក្រុមហ៊ុនឡានតុន ក្លោដ សឺវីស ថេកណូឡូជី របស់ប្រទេសចិន បានបង្ហាញពីបំណងក្នុងការធ្វើប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា និងការជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជា ចូលទៅក្នុងទីផ្សារប្រទេសចិន និងពិភពលោក។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជាក្រោយជំនួប រវាងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ និងលោកលី គន់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឡានតុនក្លោដសឺវីសថេកណូឡូជី។
-->
លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍រំលឹកផងដែរ អំពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងការជម្រុញនូវសកម្មភាពសេដ្ឋកិច្ច តាមរយៈការនាំចេញផលិតផលពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិននិងពិភពលោក តួយ៉ាង ដូចជាផ្លែមៀនប៉ៃលិន ចេក គ្រាប់ស្វាយចន្ធី និងអាហារកញ្ចាប់ផ្សេងទៀត ដែលផលិតចេញពីផលិតផលកសិកម្មកម្ពុជា ជាដើម និងបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន អំពីសក្តានុពល នៃផលិតផលកសិកម្មរបស់ កម្ពុជានិងតម្រូវការនៃការវិនិយោគបន្ថែមលើការកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស។

លោកបានណែនាំ និងប្រគល់ភារកិច្ចជូន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមួយរូប គឺលោក សុខ សុភ័ក្រ ដើម្បីដឹកនាំក្រុមការងាររៀបចំអនុស្សរណៈយោគយល់ រវាងក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនឡានតុន ក្លៅ សឺវីស ថេកណូឡូជី ឯ.ក ដោយត្រូវដាក់បញ្ចូលនូវចំណុចសំខាន់ៗ ដូចជា ការគាំទ្រដល់ក្រសួងពាណិជ្ជកម្ម លើការធ្វើការផ្សព្វផ្សាយលើផលិតផលកម្ពុជា ការជម្រុញចលនាភូមិ១ផលិតផល១ ការជម្រុញទំនាក់ទំនងជាមួយនឹងអ្នកផលិតក្នុងស្រុកដើម្បីនាំចេញ ការបង្កើតឃ្លាំងស្តុកទំនិញ ការផ្សព្វផ្សាយនិងប្រើប្រាស់ផលិតផល ក្នុងអាកាសចរណ៍ Lanmei Airlines ការធ្វើកិច្ចសហការ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅបរទេស ការភ្ជាប់ទំនាក់ទំនងជាមួយនឹងApp ដ៏ទៃទៀតដែលមានស្រាប់។

ការកសាងគម្រោងកិច្ចសហប្រតិបត្តិការ រយៈពេលវែងក្នុងក្របខណ្ឌភាពជាដៃគូ រវាងវិស័យសាធារណៈនិងឯកជន(PPP) ដូចជាការជួយគាំទ្រក្នុងការទិញផលិតផលរបស់កសិករ និងសមាគមផលិត ការជម្រុញកិច្ចសហការលើបញ្ហាកិច្ចការពារអ្នកប្រើប្រាស់ ការសម្របសម្រួលលើការអនុវត្តគោលនយោបាយពន្ធដារនិងគយ ការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួង ក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការបណ្តុះបណ្តាលសហគ្រាស ដើម្បីឱ្យមានសមត្ថភាពចូលក្នុងប្រព័ន្ធផ្គត់ផ្គង់ទីផ្សារអន្តរជាតិ និងទីផ្សារប្រទេសចិន និងកិច្ចគាំទ្រដទៃទៀតរបស់ក្រុមហ៊ុន មកលើបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
លោកប៉ាន សូរស័ក្តិ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រដល់វិស័យឯកជន តាមរយៈការបង្កើតនូវច្បាប់ និងគោលនយោបាយចាំបាច់នានា ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា៕
