ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន៤,៦៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង៧,៥ភាគរយ ពី៤,៣៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២១។
របាយការណ៍ដដែលនេះបានបន្តថា ប្រភពវិនិយោគិនបរទេសសំខាន់ៗរបស់កម្ពុជា រួមមានមកពី ប្រទេសចិន ជប៉ុន កោះកៃម៉ាន ប្រទេសថៃ និងសិង្ហបុរី ដោយគម្រោងវិនិយោគទាំងនោះ បានផ្តោតលើ វិស័យកសិកម្ម និងកសិឧស្សាហកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
-->

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កតិកាសញ្ញាពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់វិនិយោគអំណោយផលរបស់កម្ពុជា គឺជាកត្តាសំខាន់ ដែលទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនមកកម្ពុជា។
លោកបន្តថា “កិច្ចព្រមព្រៀង RCEP និង CCFTA គឺជាមេដែក ស្រូបទាញវិនិយោគិនបរទេសមកកម្ពុជា ហើយការគ្រប់គ្រងដោយជោគជ័យរបស់កម្ពុជា លើជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង គឺជាកត្តាទាក់ទាញមួយទៀតសម្រាប់វិនិយោគិន”។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “ការវិនិយោគថ្មីនឹងនាំមកនូវដើមទុន បច្ចេកវិទ្យា និងឱកាសការងារថ្មីៗ”។
លោកបានបន្តថា “ចំណងមិត្តភាពនិងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ក៏ ជាកត្តាសំខាន់ ដែលទាក់ទាញ វិនិយោគិនចិនកាន់តែច្រើនមកកម្ពុជាផងដែរ”។
លោកបានបញ្ជាក់ប្រាប់ថា “ការវិនិយោគរបស់ប្រទេសចិនមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា”៕
