វិនិយោគិន៖ ការបើកប្រទេសឡើងវិញនឹងជួយស្ដារសេដ្ឋកិច្ចចិន ដែលបានដាំក្បាលចុះមកដល់កម្រិតទាបបំផុតមិនធ្លាប់

0

សុខុម

ហុងកុង: ប្រទេសចិន បានដកចេញទាំងអស់នូវវិធានការរឹតបន្តឹងកូវីដ-១៩ លើការធ្វើដំណើរឆ្លងប្រទេស ដោយបញ្ចប់នូវលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរចូលក្នុងប្រទេសចិន បន្ទាប់ពីបិទខ្ទប់ប្រទេសអស់រយៈពេលជិត៣ឆ្នាំ។

យោងតាមបណ្តាញទូរទស្សន៍រដ្ឋចិន (CGTN) ឱ្យដឹងថា អ្នកដំណើរដំបូងគេបានមកដល់ប្រទេសចិន ក្រោមវិធានថ្មីនេះបានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងភាគខាងត្បូងគ័ងចូវ ឬ ក្វាងចូវ (Guangzhou) និងស៊ឹនជិន (Shenzhen) កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៨ ខែមករា។

បណ្តាញទូរទស្សន៍ដដែលផ្សាយថា អ្នកដំណើរទាំង៣៨៧នាក់នៅលើជើងហោះហើរពីសិង្ហបុរី និងក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា បានធ្វើដំណើរមកដល់ដោយមិនត្រូវបានតម្រូវឱ្យធ្វើតេស្តកូវីដ-១៩ ហើយក៏មិនបានឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃនៅមណ្ឌលធ្វើចត្តាឡីស័ករបស់រដ្ឋនោះដែរ។

ការបន្ធូរបន្ថយការទប់ស្កាត់លើការធ្វើដំណើរឆ្លងប្រទេសនេះ បង្ហាញពីការបញ្ចប់គោលនយោបាយសូន្យកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសចិន។

រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមដកចេញយុទ្ធសាស្ត្រតម្រូវឱ្យធ្វើចត្តាឡីស័ក ការបិទខ្ទប់ទ្រង់ទ្រាយធំ និងការធ្វើតេស្តកូវីដញឹកញាប់ ក្រោយពីប្រជាជនផ្ទុះការតវ៉ាយ៉ាងកម្រជាប្រវត្តិសាស្ត្រកាលពីខែធ្នូ ប្រឆាំងនឹងវិធានការទប់ស្កាត់កូវីដ។

បណ្ដាវិនិយោគិនសង្ឃឹមថា ការបើកប្រទេសឡើងវិញនឹងជួយស្ដារសេដ្ឋកិច្ចចិន ដែលមានទំហំរហូតដល់ទៅ១៧ទ្រីលានដុល្លារ ដែលបានដាំក្បាលចុះមកដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតកន្លះសតវត្សរ៍មកនេះ។

ការដកចេញនូវវិធានការចត្តាឡីស័កនេះជាការបើកទ្វារស្វាគមន៍ពលរដ្ឋចិន ជាច្រើនដែលធ្វើដំណើរចេញទៅក្រៅប្រទេសលើកដំបូងចាប់តាំងពីព្រំដែនចិន បានបិទអស់រយៈពេលជិត៣ឆ្នាំ។

ទោះជាយ៉ាងណា ព្រំដែនទេសចិន នៅតែបិទនៅឡើយសម្រាប់ភ្ញៀវទេសចរ ដោយជនបរទេសត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសនេះសម្រាប់តែគោលបំណងពាណិជ្ជកម្ម និងទៅសួរសុខទុក្ខគ្រួសារតែប៉ុណ្ណោះ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here