សម្តេចតេជោបន្តថ្លែងអំណរគុណមិត្តចិនដែលបានរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍកម្ពុជា

0

  ដោយៈ គង់ សូរិយា

       កំពង់ចាមៈ  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះរដ្ឋាភិបាលចិន ដែលបានចូលរួមចំណែកយ៉ាងធំក្នុងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយជាបន្តបន្ទា​ប់ទៅលើហិរញ្ញប្បទាន សម្រាប់ការអភិវ​ឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡា​យ​ទឹក អគ្គិសនី និងផ្នែកដទៃទៀត។

ការប្រកាសថ្លែងអំណរគុណដល់មិត្តយ៉ាងដូចនេះ ក្នុងឱកាសដែលសម្ដេចតេជោហ៊ុន សែន អញ្ជើញបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា “ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ ក្នុងនោះហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដ៏ទៃទៀត វាបានចូលរួមចំណែកយ៉ាងធំជាមួយនឹងការអភិវ​  ឌ្ឍព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីរីករាយ ដែលប្រទេសកម្ពុជា បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជាមួយរដ្ឋាភិបាលចិន ខណៈដែលឆ្នាំនេះក៏ជាឆ្នាំមិត្តភាព រវាងកម្ពុជា-ចិន នៅក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន។ នៅក្នុងការភ្ជាប់មិត្តភាពជាមួយចិននេះ កម្ពុជាបានទទួលនូវឥណទានជាច្រើន នៅក្នុងការកសាងផ្លូវថ្នល់ និងជំនួយផ្សេងៗទៀតជាច្រើនផងដែរ។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថាចំណុចនេះហើយ ដែលខ្ញុំបាននិយាយនៅក្នុងពេលប្រជុំ ក្នុងពេលផ្សាយផ្ទាល់ ទាក់ទិនជាមួយនឹងបញ្ហាអនាគត់អាស៊ី ដោយមានការសម្របសម្រួល តាមរយៈអនឡាញនៅពេលនោះនៅឆ្នាំ២០២១។សម្តេចបន្តថា ពេលនោះអ្នកសម្របសម្រួលបាននិយាយថា ឯកឧត្តមហាក់ដូចជាជិតស្និទ្ធជាមួយចិនពេកទេដឹង?ខ្ញុំក៏បានឆ្លើងទៅគាត់វិញថា បើមិនឱ្យខ្ញុំពឹងចិនតើឱ្យខ្ញុំទៅពឹងអ្នកណា ស្ពាន ផ្លូវសព្វថ្ងៃនេះ បើខ្ញុំមិនពឹងចិនតើអ្នកណាមកជួយខ្ញុំ ចំណុចមួយទៀតខ្ញុំក៏ចង្អុលបង្ហាញថា វ៉ាក់សាំងដែលខ្ញុំកំពុងចាក់ជូនប្រជាជនកម្ពុជា រាល់ថ្ងៃនេះបើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា?

ពាក់ព័ន្ធនឹងចំណុចនេះដែរសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងកំឡុងពេលផ្ទុះកូវីដនោះ មានប្រទេសតិចតួច បានផ្តល់វ៉ាក់សាំងមកឱ្យប្រទេសកម្ពុជា តែក្នុងចំនួនតិចតួចណាស់ មិនអាចមកចាក់ជូនប្រជាជនកម្ពុជាបានគ្រប់គ្រាន់នោះទេ និងមិនអាចប៉ះប៉ូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលត្រូវការវ៉ាក់សាំងច្រើន ដើម្បីចាក់ជូនបាននោះទេ។

សម្តេចតេជោបានអះអាងដែរថា មិត្តចិនបានផ្តល់ជាជំនួយផង និងផ្តល់នូវការលក់ឱ្យផង ដែលពេលនោះតម្រូវការរបស់ប្រជាជនចិន ក៏មានចំនួនច្រើន ក៏ប៉ុន្តែដោយសារការយោគយល់មិត្តចិន បានជួយរួមចំណែកផ្តល់ឱ្យកម្ពុជា ជាជំនួយឥតសំណង និងជាការផ្តល់លក់ធូរថ្លៃ សម្រាប់យកមកចាក់ជូនប្រជាជនកម្ពុជាផងដែរ ដែលមកដល់ពេលនេះអាចនិយាយបានថា កម្ពុជាបានជំនះនូវជំងឺឆ្លងនេះ បើទោះបីនៅមិនទាន់ផុតរលត់ក៏ដោយ តែក៏បានកាត់បន្ថយនូវការស្លាប់របស់ប្រជាជនកម្ពុជា ដែលមុនពេលមានវ៉ាក់សាំងត្រឹមតែរយៈពេលដ៏ខ្លីមួយតែប៉ុណ្ណោះ កម្ពុជាបានបាត់បង់ជីវិតរបស់ប្រជាជន រហូតទៅដល់៣០៥៦នាក់ ដែលជារឿងគួរឱ្យសោកស្តាយ តែដោយសារ តែការជួយឧបត្តម្ភទាន់ពេលវេលានេះហើយ ដែលបានផ្តល់ឱកាសឱ្យយើអាចគ្រប់គ្រងសភាពការណ៍បានផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here