ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គម្រោងវិនិយោគថ្មី ដែលបានចុះបញ្ជីស្នើសុំវិនិយោគ មានទឹកប្រាក់សរុបប្រមាណ៤,៦៨ពាន់លានដុល្លារអាមេរិក ដែលចំនួនទឹកប្រាក់នេះមានកំណើនប្រមាណ៧,៥ភាគរយ ធៀបនឹងឆ្នាំ២០២១កន្លងទៅ។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២១ ទឹកប្រាក់វិនិយោគចុះបញ្ជី តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន៤,៣៥ពាន់លានដុល្លារអាមេរិក ហើយឆ្នាំ២០២២មានទឹកប្រាក់ចំនួន៤,៦៨ពាន់លានដុល្លារអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា ប្រភពទុនវិនិយោគសំខាន់ៗរបស់កម្ពុជា ក្រៅតែការវិនិយោគដោយធុរជនក្នុងស្រុក គឺភាគច្រើនមកពីប្រទេសចិន ជប៉ុន កោះ Cayman Island ប្រទេសថៃ និងសិង្ហបុរី ដោយភាគច្រើនស្ថិតក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ទេសចរណ៍ រោងចក្រ វាយនភណ្ឌ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ។
ជាការកត់សម្គាល់ កំណើនទុនវិនិយោគនេះ ដោយសារគម្រោងធំៗដូចជា គម្រោងវិនិយោគមជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ខេត្តកំពត ដែលមានទុនរហូតដល់១,៣ពាន់លានដុល្លារ គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងតាតៃលើ នៅខេត្តកោះកុង ដែលមានទុន៣៨៩លានដុល្លារ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ដែលមានទុន២៩៧លានដុល្លារ ។

ក្រៅពីគម្រោងធំៗទាំងនេះ ភាគច្រើនលើសលប់ គឺជាគម្រោងរោងចក្រឧស្សាហកម្ម ដែលធ្វើឱ្យតម្រូវការដីធ្លី សម្រាប់បម្រើឱ្យវិស័យរោងចក្រឧស្សាហកម្ម មានកំណើនឡើង ក្នុងភាគខាងលិចរាជធានីភ្នំពេញ ដែលសំដៅទៅលើខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ មានតម្រូវការប្រើប្រាស់ដីធ្លីសម្រាប់រោងចក្រសហគ្រាសច្រើនជាងគេ។
មកដល់ដើមឆ្នាំ២០២៣នេះ គម្រោងរោងចក្រ សហគ្រាសទាំងតូច និងធំត្រូវបានចុះបញ្ជីវិនិយោគជាបន្តបន្ទាប់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានទឹកប្រាក់វិនិយោគ ក្រោម១០លានដុល្លារអាមេរិក។ គម្រោងទាំងនេះមានទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស៕







