ដោយៈគង់ សូរិយា
កំពង់ស្ពឺៈ ក្រុមហ៊ុនBUCGជាសហគ្រាសដ៏ធំមួយរបស់ប្រទេសចិន បានសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីរៀបចំអភិវឌ្ឍន៍ប្រព័ន្ឋចម្រោះទឹកកខ្វក់ ក្នុងទឹកដីខេត្តកំពង់ស្ពឺ។
យោងតាមព៌តមានដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណៈការកាលពីថ្ងៃទី១០ មករាបានឲ្យដឹងថា BUCG ជាសហគ្រាសសំណង់ធំមួយរបស់រដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាសហគ្រាសមួយ ក្នុងចំណោមសហគ្រាសកំពូលទាំង៥០០របស់ចិន ជាប់ចំណាត់ថ្នាក់ទី១៤ នៅក្នុងក្រុមហ៊ុនម៉ៅការសំណង់កំពូលលំដាប់ថ្នាក់ពិភពលោក ក្នុងចំណោមក្រុមហ៊ុនម៉ៅការសំណង់ កំពូលៗទាំង២៥០នៃកំណត់ត្រាព័ត៌មានវិស្វកម្ម(ENR )។

ព៌តមាននេះ ត្រូវនបានបង្ហើបឲ្យដឹងក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្នាក់ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនBUCG ក៏បានចូលរួមក្នុងកិច្ចប្រេះជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក មន្ត្រីជំនាញពាក់ព័ន្ធក្រសួង និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនផងដែរ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់លើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់ គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ សំដៅកែលម្អប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យកាន់តែប្រសើរឡើង និងបញ្ឈប់ការបញ្ចេញទឹកកខ្វក់ទៅក្នុងទន្លេរ ដោយផ្ទាល់ ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់អនាម័យ ជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។

លោករស់ វណ្ណា បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុន BUCG បន្តសហការជាមួយក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបំពេញបន្ថែមព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ដល់ការសិក្សានេះសម្រាប់ត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីធ្វើបទបង្ហាញគោរពជូន លោកទេសរដ្ឋមន្ត្រីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំបន្ថែម ក្នុងទិសដៅជំរុញឱ្យគម្រោងនេះអាចអនុវត្តបាន។

BUCG ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំ នៅប្រទេសកម្ពុជា ដោយកន្លងមក ក្រុមហ៊ុននេះ បានចុះអនុស្សារណៈយោគយល់ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ឯកភាព សមធម៌ យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទៅវិញទៅមក ក៏ដូចជាការផ្តល់ធនធានគ្រូបង្រៀន កម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម៕







