ភ្ញៀវជប៉ុនត្រៀមមកវិញ អ្នកជំនាញជួយបណ្តុះបណ្តាលអ្នកជំនាញស្ប៉ា-ម៉ាស្សាកម្ពុជា ដើម្បីត្រៀមទទួលទេសចរជប៉ុន

0

   ដោយៈ គង់ សូរិយា

       សៀមរាបៈ រាជរដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ផ្ដល់ការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ា និងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀ​មរាប ដើម្បីត្រៀមទទួលទេសចរជប៉ុន សំដៅជួយដល់ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

កន្លងមក មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានសហការបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពនេះ១វគ្គមកហើយ នៅរាជធានីភ្នំពេញ និងបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម២៥រូប។ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តវគ្គបណ្តុះបណ្តាលលើកទី២ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣ ក្នុងនោះមានសិក្ខាកាមចំនួន២៥រូប។

ពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី២នេះ ធ្វើឡើងក្រោមអធិបតីភាពលោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារដឺសេនជូអារី រ៉េស៊ីដេន ខេត្តសៀមរាប តាមប្រព័ន្ធអនឡាញ (Zoom)។

លោកប៉ាក់ សុខុម បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកស្ទួយ និងពង្រឹងសមត្ថភាពអ្នកជំនាញស្ប៉ាកម្ពុជា ក្នុងការផ្តល់សេវាកម្ម និងជំនាញក្នុងសេវាកម្មស្ប៉ា អោយកាន់តែប្រសើរឡើង។ ការបណ្តុះបណ្តាលជំនាញស្ប៉ានេះ ស្របតាមស្ដង់ដាសមត្ថភាពអ្នកជំនាញស្ប៉ាអាស៊ាន ដែលកម្ពុជាត្រូវបានប្រទេសសមាជិក គាំទ្រក្នុងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សា ស្តង់ដាអាស៊ានសម្រាប់ជំនាញស្ប៉ានេះ។

លោក Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបង្ហាញសុទិដ្ឋិនិយមថា វគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកពង្រឹងជំនាញបន្ថែម ដល់អ្នកជំនាញស្ប៉ាម៉ាស្សា ដែលបានផ្អាកពីការងារក្នុងអំឡុងកូវីដ-១៩ ឲ្យទទួលបានចំណេះដឹង និងជំនាញឡើងវិញ ចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក៏ដូចជារង់ចាំស្វាគមន៍ទេស​ចរជប៉ុនឡើងវិញផងដែរ ព្រោះថាទេសចរជប៉ុនចូលចិត្ត សេវាកម្មម៉ាស្សានេះ។

លោក Kunihiko Hirabayashi បានបន្តថា “ជំនាញស្ប៉ាម៉ាស្សានេះទាមទារ ឲ្យអ្នកជំនាញយល់ដឹងច្បាស់លាស់ ពីប្រព័ន្ធប្រសាទ និងសាច់ដុំ ដើម្បីផ្ដល់សេវាបែបព្យាបាលផង និងផាសុកភាព”។

លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់លើការសិក្សាមួយវគ្គពេញ ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗពីគ្រូឧទ្ទេស ដែលមានជំនាញច្បាស់លា​ស់យកទៅអនុវត្តបន្ត នៅកន្លែងអាជីវកម្ម និងការងាររៀងៗខ្លួន។

បច្ចុប្បន្ន ក្រោមកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរ​ណ៍អាស៊ាន (ASEAN MRA-TP) ប្រទេសសមាជិកកំពុងខិតខំជំរុញការបណ្តុះបណ្តាលជំនាញ៣២ ក្នុងផ្នែសេវាកម្មសណ្នាគារ និងសេវាកម្មធ្វើដំនើរ​ តាមស្តង់ដាបណ្ដុះបណ្ដាលរួមអាស៊ាន។

អាស៊ាននឹងបញ្ចូលជំនាញស្ប៉ា ៦ និងជំនាញម៉ាយ៣២ជំនាញបន្ថែមទៀត ដែលនឹងធ្វើឲ្យអាស៊ានមាមជំនាញ៧០ ដែលត្រូវបណ្ដុះបណ្ដាលតាមស្តង់ដារួម និងទទួលស្គាល់គ្នា ដើម្បីជំរុញបម្លាស់ទីការងារទាំងនេះក្នុងតំបន់ស្របតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here